ក្រសួងសខាភិបាលស្នើឱ្យ អង្គការ Vital Strategies សហការ ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ជាពិសេសប្រ​ព័ន្ធ​សុខាភិបាលឌីជីថល

(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសំណូមពរ អង្គការ Vital Strategies ពិនិត្យលទ្ធភាពជួយ​សហការ ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្នុងការចុះបញ្ជីជំងឺមហារីក ការបណ្តុះបណ្តាលមន្រ្តីសុខា​ភិបាល​​លើជំនាញវិភាគ ការប្រើប្រាស់ទិន្នន័យ និងការសរសេរ​របាយការណ៍នានា ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ការអនុវត្តប្រព័ន្ធសុខាភិបាលឌីជីថល លើការជូនដំណឹងពី​កំណើតរស់ ដំណឹងមរណភាព ការកំណត់មូលហេតុមរណភាព ការដាក់កូដមរណភាព និងការតភ្ជាប់ប្រព័ន្ធសុខាភិបាល​ឌីជីថល នៃក្រសួងសុខាភិបាល ជាមួយប្រព័ន្ធក្រសួងមហាផ្ទៃ ក្រសួងផែនការ សំដៅធ្វើយ៉ាងណាបន្ថែមការគាំទ្រ​កែលម្អ​គុណភាព ការអនុវត្តប្រព័ន្ធសុខាភិបាលឌីជីថល និងការប្រើ​ប្រាស់​ទិន្នន័យសុខភាពសាធារណៈសម្រាប់​ការរៀបចំ​គោល​នយោបាយ និងការសម្រេចចិត្តរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា សំដៅឆ្ពោះទៅសម្រេចបានគោល​ដៅនៃការគ្របដណ្តប់សុខភាពជាសកល ។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលស្នើ​បែបនេះ ក្នុងឱកាស ទទួលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ និងសុំអនុសាសន៍សម្រាប់កិច្ចសហប្រតិបត្តិការ​សម្រាប់​ជំហានបន្ទាប់ ជាមួយប្រតិភូអង្គការ Vital Strategies ដឹកនាំ​ដោយ លោក Romain Santon អនុប្រធានប្រចាំតំបន់អាស៊ី​ប៉ា​ស៊ីហ្វិក ផ្នែកអត្រានុកូលដ្ឋាន នាព្រឹកទី៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងស្វាគមន៍ លោក Romain Santon និងប្រតិភូអង្គការ Vital Strategies ដែលមានសុច្ឆន្ទៈ ក្នុងការចូលរួមចំណែកគាំ​ទ្រ​វិស័យសុខាភិបាល ជាពិសេសបាន និងកំពុងគាំទ្រ ការរៀបចំច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបានដាក់ប្រើប្រាស់នៅឆ្នាំ២០២៣ ព្រមទាំងបានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រ ការរៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន និងចុះបញ្ជីជំងឺមហារីក (Cancer Registry Program) និងស្នើសុំការណែនាំ ក្នុងការរៀបចំគម្រោងសហប្រតិបត្តិការ ជាបន្តទៀត។

លោក Romain Santon លើកឡើងថា ការងាររបស់ Vital Strategies បានអនុវត្តនៅកម្ពុជា ចាប់ពីឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន ដោយបានគាំទ្រកែលម្អការប្រមូលការវិភាគ និងការប្រើប្រាស់ទិន្នន័យសុខភាពសាធារណៈនៅកម្ពុជា តាមរយៈការអនុវត្តគម្រោងអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន គម្រោងផលជះនៃការប្រើប្រាស់ទិន្នន័យ និងគម្រោងចុះបញ្ជីជំងឺមហារីក គម្រោងគ្រប់គ្រងថ្នាំជក់ ជាដើម។

លោក Romain Santon បានថ្លែងអំណរគុណដល់ ឯកឧត្តម​សាស្រ្តាចារ្យរដ្ឋមន្ត្រី ដែលបានគាំទ្រ​យ៉ាងជិត​ស្និទដល់ក្រុមការ​ងារ Vital Strategies នាពេលកន្លងមកធ្វើឱ្យគម្រោងទទួល​បាន​ប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល ព្រមទាំង​ស្នើសុំអនុសាសន៍សម្រាប់កិច្ចសហប្រតិបត្តិការនិងការអនុវត្តគម្រោង និងផែនការសកម្មភាពសម្រាប់ជំហានទី៦ ចាប់ពីខែ​មេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៧ សម្រាប់គម្រោង​ទីក្រុងដែលមានសុខមាលភាពល្អ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner