” ស្ត្រីលើវិថីអ្នកជំនួញសម័យ អេ អាយ”ជាប្រធានបទក្នុងវេទិកាស្ត្រីដើម្បីអ្នកទាំងអស់គ្នា នៅខេត្តសៀមរាប
សៀមរាប៖ សមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្តសៀមរាប បានប្រារព្វវេទិកាស្ត្រី ដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទ ៖ ស្ត្រី លើវិថីអ្នកជំនួញសម័យបញ្ញាសិប្បនិម្មិត (អេ អាយ,AI)ដើម្បីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ដោយមានវាគ្មិនជំនាញៗជាច្រើនរូប ចូលរួមពិភាក្សាដោះស្រាយបញ្ហាស្ត្រី ក្នុងភាពជាអ្នកដឹកនាំដ៏ល្អ ក្រោមវត្តមានលោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងជាប្រធានកិត្តិយសសមាគម កាយឬទ្ធិនារីកម្ពុជាសាខាខេត្តសៀមរាប។
ក្នុងវេទិកាស្រ្តីដើម្បីអ្នកទាំងអស់គ្នា ដែលប្រារព្ធនៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាបកាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ដោយមានមន្រ្តីមកពីស្ថាប័ន អង្គភាពពាក់ព័ន្ធ សហគ្រិនស្ត្រីកម្ពុជាខេត្តប្រមាណ ២០០នាក់ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានអបអរសាទរ ដល់ស្ត្រី ក្រុមអាជីវកម្មទាំងអស់ ដែលបានជួបជុំគ្នា ហើយលោកជំទាវសង្ឃឹមថា តាមរយៈវេទិកានេះ នឹងអាចចែករំលែកបទពិសោធន៍ អភិវឌ្ឍគំនិតថ្មីៗនិងបង្កើតកិច្ចសហការសម្រាប់អនាគត ។
ទាក់ទងនឹងប្រធានបទនៃវេទិកា លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានលើកឡើងថា” ស្ត្រីលើវិថីអ្នកជំនួញ សម័យ អេអាយ” ដែលប្រារព្វឡើង នាពេលនេះ ក្នុងគោលបំណង ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ ទៅកាន់អ្នកទាំងអស់គ្នាក៏ដូចជាការផ្តល់ តម្លៃឱ្យស្ត្រី និងបុរស ក្នុងភាពជាអ្នកដឹកនាំដ៏ល្អសម្រាប់សង្គមជាតិ ទាំងមូល និងការកើនឡើងនៃតួនាទីរបស់សមាគម សហគ្រិន ស្ត្រីកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច នៅខេត្តសៀមរាប ។
លោកជំទាវបានកោតសរសើរ ចំពោះសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តសៀមរាប ជាពិសេសក្រុមប្រឹក្សា ភិបាលទាំងអស់ ក្នុងអាណត្តិទី២ ដែលបានបំពេញការងារយ៉ាងសកម្ម ក្នុងការជួយគាំទ្រ និងការពារស្ត្រី ជាពិសេស ស្ត្រីសមាគមសហគ្រិន តាមរយៈការបណ្តុះបណ្តាលជំនាញនានា ការប្រឹក្សាយោបល់ ការកសាងបណ្តាញធុរកិច្ចក្នុងការប្រមូលបញ្ហាប្រឈមនានា របស់សហគ្រិនស្ត្រី ដើម្បីនាំយកបញ្ហាប្រឈម ឬសំឡេងស្ត្រី ទៅជូនស្ថាប័ន ឬអ្នកធ្វើគោលនយោបាយពាក់ព័ន្ធនានា នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការស្វែងរកដំណោះស្រាយ ក៏ដូចជា ការរៀបចំកម្មវិធីផ្សេងៗដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់សហគ្រិនស្ត្រី ។
សូមជម្រាបថា ក្នុងវេទិកានេះដែរលោកស្រី ហេង ចរិយា អនុប្រធាសមាគមសហគ្រិនស្ត្រីកម្ពុជាសាខាសៀមរាបបានអាន ព្រះរាជសាររបស់ សម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ជូនដល់បងប្អូនស្ត្រីក្នុងឱកាសអបអរសាទរទិវា អន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ៕
ដោយ៖ ប៊ុន រដ្ឋា