ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ អ្នកដឹកនាំជំនាន់មុន យកជីវិតជាដើមទុនស្វែងរកសុខសន្តិភាព អ្នកជំនាន់ក្រោយមានកាតព្វកិច្ចការពារថែរក្សាសុខសន្តិភាព និងបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន
(កំពង់ស្ពឺ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី មានប្រសាសន៍រំលេចពីការលះបង់របស់អ្នកដឹកនាំជំនាន់មុន ដោយលោកបានលះបង់អាយុជីវិតជាដើមទុន ដើម្បីស្វែងរកសុខសន្តិភាពជូនជាតិ ដូចនេះក្នុងនាមជាអ្នកជំនាន់ក្រោយយើងមានកាតព្វកិច្ចជាអ្នកបន្តវេនការពារថែរក្សាសុខសន្តិភាព និងបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា រាជរដ្ឋាភិបាលបានអនុវត្តយ៉ាងស្វាហាប់នូវយុទ្ធសាស្ត្របញ្ចកោណ ។

នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តត្រពាំងស្នោរ ដែលស្ថិតនៅ ស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បាននាំយកការសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគេន និងជូន ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ព្រមទាំងលោកយាយលោកតា អ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទអ្នកខេត្តកំពង់ស្ពឺផងដែរ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងគណៈកម្មការអាចារ្យវត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងកៀរគរ បច្ច័យពីសប្បុរជន និងពុទ្ធបរិស័ទគ្រប់ទិសទី ដែលបានលះបង់ទាំងកម្លាំង កាយចិត្ត និងសម្ភារ ចូលរួមចាប់មគ្គផលកសាងសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងទីវត្តអារាមនេះផងដែរ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ក៏បានអំពាវនាវឱ្យបងប្អូន អ៊ំ ពូ មីងទាំងអស់ សូមបន្តជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាល ជាពិសេសផ្ដល់ជំនឿទុកចិត្តមកលើក្រសួងមុខងារសាធារណៈ ដោយលើកទឹកចិត្តដល់ប្អូនៗដែលមានបំណងចង់ក្លាយជាមន្រ្តីរាជការចូលរួមដាក់ពាក្យប្រឡងប្រជែងធ្វើជាមន្ត្រីរាជការបានដោយមិនចាំបាច់មានខ្សែ ឱ្យតែមានសមត្ថភាពពិតប្រាកដ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចាញ់បោកការធានាអះអាងរបស់នរណាម្នាក់ក្នុងការជួយឱ្យទទួលបានក្របខណ្ឌមន្ត្រីរាជការ ។
សូមជម្រាបជូនថា វត្តត្រពាំងស្នោរនេះ គឺជាទីកន្លែងដែលកងទ័ពស្នាក់នៅកាលពីសម័យសង្គ្រាម ។ វត្តត្រពាំងស្នោរបានកសាងឡើងតាំងពីឆ្នាំ១៨០១ បច្ចុប្បន្ននេះមានអាយុកាល២២៤ឆ្នាំ និងមានសមិទ្ធផលជាច្រើនបានរីកដុះដាលពេញបរិវេណវត្ត រួមមាន ៖ ព្រះវិហារថ្មី ដងទង់ ១គូ ខ្លោងទ្វារ ២ សាលាធម្មសភា១ខ្នង រួមទាំងសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធជា ច្រើនទៀត ដែលគិតជាទឹកប្រាក់សរុបអស់ ១,១២២,៣៧០$ (មួយលានមួយរយម្ភៃពីរពាន់បីរយចិតសិប) ដុល្លារអាមេរិក ៕
ដោយ / គ្រី សម្បត្តិ
