រដ្ឋបាលខេត្តកំពតអបអទិវាអន្តរជាតិ៨មីនា ដោយគូសរំលេច​ពីតួនាទីសំខាន់លើគ្រប់វិស័យ

កំពត៖រដ្ឋបាលខេត្តកំពតកាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ក្រោមអធិបតីភាព លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា ជាអនុប្រធានសមាគម​នារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម ម៉ៅ ធនិនអភិបាល ខេត្តកំពតបានគូសរំលេចតួនាទីស្នូលរបស់ស្រ្តី។ជាតួនាទី សំខាន់​ពុំអាចខ្វះបាន។ឯកឧត្តមបានអធិប្បាយថា សង្គមជាតិ មួយកើតឡើងពីគ្រួសារតូចរួមបញ្ចូលគ្នាហើយដើម្បីឱ្យសង្គមមួយ ល្អបាន គឺត្រូវផ្តើមចេញពីគ្រួសារតួចនីមួយៗដែលមាន ស្ត្រី​ជាភរិយា ជាម្តាយ ជាជីដូន ជាអ្នកបង្កើត ថែទាំ ណែនាំអប់រំ​ទុកដាក់ ផ្ទុងផ្តើមការងារផ្សេងៗបានល្អ ។
   
ចំណែកលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍបានបន្ថែមថាស្ត្រីមានតួនាទីសំខាន់លើគ្រប់វិស័យដោយចូលរួមក្នុងការក្សាបាននូវសន្តិភាពនិងការអភិវឌ្ឍសង្គមជាតិ ។ក្រោមការជំរុញលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាលតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន បន្តដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ស្ត្រីសម្រេចបានសមិទ្ធផលធំៗជាច្រើន។ស្ត្រីត្រូវ​បានផ្តល់តម្លៃនិងទទួលស្គាល់នៅក្នុងសហគមន៍ អន្តរជាតិ សម្រាប់​ការចូលរួមថែសុវត្ថិភាព និងសន្តិភាព ។

លោកជំទាវ បញ្ជាក់ថា កម្ពុជាបានស្ថិតនៅលំដាប់លេខ១ នៅប្រទេសអាស៊ាន និងលេខ១៣ ក្នុងចំណោមប្រទេស​១២០ប្រទេស ដែលបានបញ្ជូនយោធិន ជាស្ត្រីក្នុងប្រតិបត្តិការ​រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។នៅកម្ពុជាចំនួន​ស្ត្រីនៅក្នុងជួរថ្នាក់ ដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានកើនឡើងជាលំដាប់។

លោកជំទាវ បានលើកទឹកចិត្តឱ្យស្ត្រីទាំងអស់ ត្រូវបន្តខិតខំ​អភិវឌ្ឍសមត្ថភាព បង្កើនចំណេះ ជំនាញ ពង្រឹងទំនាក់ទំនង ដើម្បីបំពេញភារកិច្ចតួនាទីរបស់ខ្លួនឱ្យបានកាន់តែប្រសើរថែមទៀត ៕
ដោយ៖ សិលា សារិន

ads banner