តៃវ៉ាន់ថា អាមេរិកមិនអាចបោះបង់ចោលតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដាច់ខាត
តៃប៉ិ ៖ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Wellington Koo និយាយថា សហរដ្ឋអាមេរិកមិនអាចបោះបង់ចោលតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបានទេ ដោយសារតែតំបន់នេះ គឺជាផ្នែកមួយនៃ “ផលប្រយោជន៍ជាតិស្នូល”។

ការអត្ថាធិប្បាយបែបនេះរបស់លោក Koo ធ្វើឡើងចំពេលមានការព្រួយបារម្ភ អំពីការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់។
ប្រមុខការពារជាតិតៃវ៉ាន់រូបនេះ បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទកាសែតថា ខ្ញុំគិតថា វាមិនអាចទៅរួចទេ ដែលអាមេរិកនឹងដើរចេញពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ពីព្រោះវាជាផលប្រយោជន៍ជាតិស្នូលរបស់ពួកគេ។
បើតាមការអះអាងរបស់លោក Koo ការប្រើប្រាស់មធ្យោបាយរារាំង និងកម្លាំងដើម្បីសម្រេចបាននូវសន្តិភាព គឺជាការឯកភាពដ៏យូរអង្វែងរវាងតៃវ៉ាន់-អាមេរិក ហើយថា ស្ថិរភាពក្នុងតំបន់មានសារៈសំខាន់សម្រាប់អាមេរិក ទាំងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។
សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ បើទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិក៏ដោយ។
តៃវ៉ាន់ដែលបដិសេធយ៉ាងខ្លាំង ចំពោះ ការទាមទារអធិបតេយ្យភាពរបស់ចិន បានទទួលការគាំទ្រខ្លាំងពីរដ្ឋបាលលោកប្រធានាធិបតី ត្រាំ។ ប៉ុន្តែមេដឹកនាំអាមេរិករូបនេះ បានធ្វើឱ្យតៃវ៉ាន់មិនពេញចិត្ត ដោយសារការអំពាវនាវឱ្យតៃវ៉ាន់បង់ប្រាក់បន្ថែមទៀតសម្រាប់ការធានាសន្តិសុខពីអាមេរិក៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
