ប្រធានស្ដីទីព្រឹទ្ធសភា សំណូមពរដល់អ្នកពាក់ព័ន្ធ ចូលរួមចំណែកបន្តទៀត ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី

(ភ្នំពេញ)៖ ប្រធានស្ដីទីព្រឹទ្ធសភា បានសំណូមពរដល់ក្រសួង ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនជាតិ-អន្តរជាតិ និងសង្គមស៊ីវិលទាំងអស់ សូមចូលរួមចំណែកជាបន្តទៀត ក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងការពង្រឹងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីលើគ្រប់វិស័យនិងគ្រប់កម្រិត ដើម្បីឱ្យពួកគេក្លាយជាធនធានប្រកបដោយតម្លៃ និងសក្តានុពល ។

នេះជាការលើកឡើងរបស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសអញ្ជើញជាតំណាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» នៅវិមាន៧មករា នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តនូវមរតកដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈការបន្តជំរុញ និងលើកកម្ពស់បន្ថែមទៀត ដល់តួនាទីរបស់ស្រ្តីនៅក្នុងសង្គមជាតិ និងផ្តល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្រ្តី ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។

លោកជំទាវបន្តថា រាជរដ្ឋាភិបាល នឹងបន្តលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ លើស្រ្តីនិងក្មេងស្រី និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់ ។

ឯកឧត្តម អ៊ុច បូររិទ្ធ បានមានប្រសាសន៍កោតសរសើរ និងរីករាយចំពោះវឌ្ឍនភាព និងភាពរីកចម្រើនជាបន្តបន្ទាប់របស់ស្រ្តី និងក្មេងស្រីកម្ពុជា ខណៈភាពរីកចម្រើនជាបន្តបន្ទាប់នេះ បានកើតចេញពីម្លប់នៃសុខសន្តិភាព គោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងតាមរយៈការអនុវត្តគោលនយោបាយ និងវិធានការជាវិជ្ជមាននានា ចាប់តាំងពីយុទ្ធសាស្រ្តចតុកោណ ទាំង ៤ដំណាក់កាល និងការបន្តលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព ដូចមានក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយថាមពលរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។

ឯកឧត្តម អ៊ុច បូររិទ្ធ បានបន្តថា បច្ចុប្បន្ន ស្ថានភាព តួនាទី និងសុខុមាលភាពរបស់ស្ត្រី មានការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងក្របខ័ណ្ឌអភិបាលកិច្ច សេដ្ឋកិច្ចសង្គម និងវប្បធម៌។ ការកើនឡើងនៃភាពជាតំណាងរបស់ស្ត្រីកម្ពុជានៅគ្រប់កម្រិត និងគ្រប់វិស័យ ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ មិនត្រឹមតែមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេ ក៏ប៉ុន្តែសម្រាប់សិទ្ធិមនុស្សជាសកលផងដែរ ។ ការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី មិនត្រឹមតែជាការលើកកម្ពស់សិទ្ធិបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញកំណើនសេដ្ឋកិច្ច ជំរុញសហគមន៍ឱ្យកាន់តែរឹងមាំ និងលើកកម្ពស់សុខុមាលភាពសង្គម។ ការបែងចែកយេនឌ័រផ្តល់ផលប្រយោជន៍ដល់គ្រួសារ សង្គម និងវិបុលភាពជាតិ ពង្រឹងការទទួលខុសត្រូវរួមក្នុងការលើកស្ទួយ និងលើកកម្ពស់ឱកាសស្មើគ្នាសម្រាប់ទាំងអស់គ្នា ។

ព្រឹទ្ធសភា សូមគាំទ្រទាំងស្រុងចំពោះរាជរដ្ឋាភិបាល ដែលកំពុងដាក់ចេញ និងពង្រឹងការអនុវត្តគោលនយោបាយ កម្មវិធី និងវិធានការនានា រួមទាំងការពង្រឹងកិច្ចសហការ និងភាពជាដៃគូររវាងក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តីនិងក្មេងស្រីនៅតាមវិស័យនិងគ្រប់កម្រិត។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក៏សូមសំណូមពរដល់ក្រសួង ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនជាតិ-អន្តរជាតិ និងសង្គមស៊ីវិលទាំងអស់ សូមចូលរួមចំណែកជាបន្តទៀត ក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងការពង្រឹងភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីលើគ្រប់វិស័យនិងគ្រប់កម្រិត ដើម្បីឱ្យពួកគេក្លាយជាធនធានប្រកបដោយតម្លៃ និងសក្តានុពល ទទួលបាននូវកាលានុវត្តភាព ចូលរួមពេញលេញក្នុងកិច្ចអភិវឌ្ឍសង្គម និងប្រទេសជាតិ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner