កម្ពុជា ចិន យូនីសេហ្វ ប្រកាសដាក់អនុវត្តគម្រោង”គំនិតផ្តួចផ្តើមដើម្បីពង្រឹង ការអប់រំ សុខភាព និងអនាម័យដល់កុមារងាយរងគ្រោះនៅកម្ពុជា”
ភ្នំពេញ៖នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នាសណ្ឋាគារ រ៉ាហ្វាលឡឺរ៉ូយ៉ាល់ ភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជារដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន និងយូនីសេហ្វប្រចាំកម្ពុជា បានប្រកាសភាពជាដៃគូអនុវត្តគម្រោង”គំនិតផ្តួចផ្តើមដើម្បីពង្រឹង ការអប់រំ សុខភាពនិងអនាម័យដល់កុមារងាយរងគ្រោះនៅកម្ពុជា”។ការចាប់ដៃគូត្រីភាគីក្នុងគម្រោងមួយនេះដើម្បីលើកកម្ពស់គុណភាព ការអប់រំប្រកដោយបរិយាបន្ន សុខភាព អាហារូបត្ថម្ភ និងអនាម័យសម្រាប់កុមារដែលងាយរងគ្រោះបំផុតនៅកម្ពុជា។

ការគាំទ្រនេះមានគោលបំណងបំពេញចន្លោះខ្វះខាតនៃគុណភាពនិងលទ្ធភាពក្នុងការទទួលសេវាកម្មសំខាន់ៗសម្រាប់កុមារ ស្ត្រី និងគ្រួសារ រួមទាំងទារកទើបនឹងកើត ទារកមានពិការភាព កុមារដែលមានហានិភ័យកង្វះអាហារូបត្ថម្ភ ជនជាតិភាគតិច និងគ្រួសារងាររងគ្រោះ នៅក្នុងតំបន់ដាច់ស្រយាល និងខ្វះខាតបំផុតមួយចំនួនក្នុងប្រទេសកម្ពុជា។

ឯកឧត្តម វ៉ាង វ៉ិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា «យើងសង្ឃឹមថា តាមរយៈគម្រោងនេះកុមារនៅក្នុងសហគមន៍ដែល ងាយរងគ្រោះបំផុតក្នុងប្រទេសកម្ពុជា អាចមានអារម្មណ៍កក់ក្តៅ និងទទួលបានការយកចិត្តទុកដាក់ពីប្រជាជនចិន។ កុមារគឺជាអនាគតរបស់ប្រទេស និងប្រជាជាតិ។ យើងគួររួមគ្នាថែទាំដល់ការលូតលាស់របស់កុមារឱ្យមានសុខភាពល្អ។ កុមារគឺជាអ្នកស្នងមរតកនៃមិត្តភាពប្រពៃណីរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជានិងជាអ្នកបន្តវេន នៃការអភិវឌ្ឍពិភពលោក។»

លោកឯកអគ្គរដ្ឋទូតបន្តទៀតថា«រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនមានឆន្ទៈធ្វើការជាមួយរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជានិងអង្គការអន្តរជាតិពាក់ព័ន្ធដើម្បីបន្តពង្រឹងការគាំទ្រសម្រាប់ការអប់រំនិងសុខភាពរបស់កុមារក្នុងសហគមន៍ងាយរងគ្រោះបំផុតនៅកម្ពុជា ក្រោមមូលនិធិអភិវឌ្ឍន៍សកល និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ (South-South Cooperation) ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជាក្នុងវិស័យជីវភាពរស់នៅរបស់ប្រជាជននិងខិតខំប្រឹង ប្រែងឥតឈប់ឈរ ដើម្បីសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃអង្គការសហប្រជាជាតិ រួមជាមួយនឹងការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។»

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់យូនីសេហ្វ ប្រចាំកម្ពុជាបានរំលឹកថា កុមារជាច្រើននៅក្នុងប្រទេសកម្ពុជាជាពិសេស អ្នកដែលរស់នៅក្នុងតំបន់ដាច់ស្រយាល បន្តប្រឈមមុខនឹងបញ្ហាក្នុងការទទួលបានការអប់រំនិងការថែទាំសុខភាពប្រកបដោយគុណភាព និងទឹកស្អាត។ ការវាយតម្លៃលទ្ធផលសិក្សាថ្នាក់ជាតិសម្រាប់ថ្នាក់ទី ៦ ក្នុងឆ្នាំ ២០២១ បានបង្ហាញថា សិស្ស ៤៥ ភាគរយមានចំណេះដឹងផ្នែកភាសាខ្មែរក្រោមកម្រិតមូលដ្ឋាន ហើយសិស្ស ៣ នាក់ក្នុងចំណោម ៤ នាក់ (៧៤ ភាគរយ) មានចំណេះដឹងផ្នែកគណិតវិទ្យាក្រោមកម្រិតមូលដ្ឋាន ។ កុមារម្នាក់ក្នុងចំណោម១០នាក់ដែលមានអាយុក្រោម ៥ឆ្នាំនៅតែមាន បញ្ហាស្គមស្គាំង (កង្វះអាហារូបត្ថម្ភស្រួចស្រាល់)ដែលអត្រានេះពុំមានការថយចុះទេក្នុងទសវត្សរ៍កន្លងទៅហើយទោះបីជាការ ទទួលបានសេវាទឹកស្អាត និងអនាម័យ (WASH) មានភាពប្រសើរឡើងក៏ដោយ មូលដ្ឋានព្យាបាលនិងថែទាំសុខភាពមួយភាគបី មិនមានលទ្ធភាពទទួលបានសេវាលាងសម្អាតដៃជាមូលដ្ឋានហើយ៧៨ភាគរយមិនមានលទ្ធភាពទទួលបានសេវាបង្គន់អនាម័យជាមូលដ្ឋានទេ។ លទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យ (WASH)កាន់តែរងការប៉ះពាល់ដោយសារភាពងាយ រងគ្រោះរបស់ប្រទេសកម្ពុជាចំពោះគ្រោះថ្នាក់ទាក់ទងនឹងអាកាសធាតុ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខភិបាលបានគូសបញ្ជាក់ថា ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្ពស់លើការគាំពារសង្គម ប្រកបដោយសមធម៌ និងស្មើសិទ្ធដោយផ្តោតលើការកសាងភាពធន់ និងរក្សាភាពទន់ភ្លន់ សំដៅរួមចំណែក លើកកម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន សំដៅធានាថា ប្រជាពលរដ្ឋគ្រប់រូប រួមទាំងកុមារ ទទួលបាននូវសេវាសុខាភិបាល ពេញលេញ ប្រកបដោយគុណភាព ក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងមិនមានការរើសអើង។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិនសម្រាប់ការប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាជាមួយអង្គការយូនីសេហ្វនិងរាជរដ្ឋាភិបាលកម្ពុជាដើម្បីការពារកុមារដែលត្រូវការជំនួយបន្ថែមដែលបង្ហាញពីការសហការគ្នាក្នុងការធានាបានថា កុមារគ្រប់រូប ដោយមិនគិតពីប្រវត្តិ ឬស្ថានភាពរបស់ពួកគេ តែគឺទទួលបានការបំពេញសិទ្ធិរបស់ពួកគេក្នុងការរៀន រីកចម្រើន និងអភិវឌ្ឍឱ្យពេញសមត្ថភាពរបស់ពួកគេ។ឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការអនុវត្តសិទ្ធ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពកុមារគ្រប់រូបនៅកម្ពុជា ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចការលើកកម្ពស់ សុខុមាលភាព និងភាពធន់របស់សង្គម និងការពង្រឹងអភិបាលកិច្ចល្អប្រកបដោយបរិយាបន្ន និងចីរភាព។
ចំណែកលោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជាមានប្រសាសន៍ថា«នេះជាពេលវេលាដ៏សំខាន់មួយ
សម្រាប់កុមារកម្ពុជា។បើទោះបីជាយើងធ្វើឱ្យជីវិតរស់នៅនិងសុខុមាលភាពរបស់កុមារប្រសើរឡើងក៏ដោយប៉ុន្តែបញ្ហាប្រឈមសកល ដែលកំពុងតែកើនឡើង កំពុងគំរាមកំហែងដល់អនាគតរបស់ពួកគេ។ ជាពិសេស កុមារងាយរងគ្រោះបំផុតកំពុងប្រឈម នឹងហានិភ័យដែលត្រូវបានគេមិនយកចិត្តទុកដាក់ ទាំងនៅសាលារៀន នៅផ្ទះ និងក្នុងសហគមន៍របស់ពួកគេ។»
លោកបណ្ឌិតបន្ថែមថា«យើងសូមអរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនចំពោះការប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាជាមួយយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារកុមារដែលត្រូវការជំនួយពីយើងច្រើនបំផុត។ ដោយរួមជាមួយគ្នាយើងអាចធានាបានថាកុមារគ្រប់រូបមិនថាមានប្រវត្តិឬកាលៈទេសៈយ៉ាងណាអាចសម្រេចបាននូវសិទ្ធិរបស់ពួកគេក្នុងការរៀនសូត្រ ការលូតលាស់ និងអភិវឌ្ឍឱ្យពេញសក្ដានុពលរបស់ពួកគេ។»
សូមជម្រាបថាគម្រោងនៃភាពជាដៃគូនេះមានគោលបំណងលើកកម្ពស់អក្ខរកម្មមូលដ្ឋាននិងជំនាញលេខសម្រាប់អ្នកសិក្សាវ័យក្មេងបំផុតរបស់ប្រទេស។គម្រោងនឹងផ្តល់ការផ្គត់ផ្គង់សម្ភារៈ និងចំណេះដឹងដល់គ្រូបង្រៀន១០.០០០ នាក់ និងសិស្ស ៨០.០០០ នាក់ នៅក្នុងសាលាមត្តេយ្យសិក្សា និងបឋមសិក្សា រួមទាំងកុមារពិការចំនួន ៦០០ នាក់ដើម្បីកែលម្អកម្រិត បឋមសិក្សា និងការរៀនសូត្ររួមបញ្ចូល។ គម្រោងនៃភាពជាដៃគូនេះ ក៏នឹងពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលចំនួន៦០០ នាក់នៅទូទាំងមណ្ឌលសុខភាពចំនួន២០០ និងសមាជិកក្រុមគាំទ្រសុខភាពភូមិចំនួន៨០០នាក់។បុគ្គលិកថែទាំសុខភាព និងគ្រូបង្រៀនក៏នឹងត្រូវបានគាំទ្រក្នុងការទទួលយកឥរិយាបថថែទាំដែលមានសុខភាពល្អ និងចិញ្ចឹមបីបាច់ថែរក្សា និងតាមដានការលូតលាស់របស់កុមារ ដែលមានសារៈសំខាន់ក្នុងការថយចុះហានិភ័យនៃកង្វះអាហារូបត្ថម្ភរបស់កុមាររហូតដល់ ៦៥.០០០កុមារអាយុក្រោម៥ ឆ្នាំ និងសិស្សានុសិស្ស ៣០.០០០នាក់។
លើសពីនេះទៀត ដើម្បីដោះស្រាយគម្លាតជាបន្ទាន់ក្នុងការទទួលបានសេវាទឹកស្អាត និងអនាម័យ (WASH) សម្ភារៈអនាម័យ ចាំបាច់សម្រាប់ការសម្អាតដៃ នឹងត្រូវបានផ្តល់ជូនដល់គ្រួសារក្រីក្រ និងគ្រួសារដែលងាយរងគ្រោះ ដោយគ្រោះមហន្តរាយ ដែលហានិភ័យនៃការចម្លងរោគនិងការរីករាលដាលនៃជំងឺមានកម្រិតខ្ពស់។សម្ភារៈអនាម័យសម្អាតដៃក៏នឹងត្រូវផ្តល់ជូនរួមជាមួយនឹងសម្ភារៈសិក្សា និងបង្រៀនផ្សេងទៀតដល់មត្តេយ្យសិក្សាសហគមន៍ចំនួនជាង ៣.០០០ ទីតាំង នៅក្នុងប្រទេស ដែលផ្តល់អត្ថប្រយោជន៍ដល់កុមារប្រមាណ ៦០.០០០ នាក់៕
ដោយ៖មុនី
រូបថតៈក្រសួងសុខាភិបាល
