ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក្រើនរំលឹកប្រធានសាលាដំបូងថ្មីខេត្តស្ទឹងត្រែង ឱ្យប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥
ស្ទឹងត្រែង៖ក្រើនរំលឹកលោក អ៊ុក សុវណ្ណារិទ្ធ ប្រធានសាលាដំបូងថ្មីនៃខេត្តស្ទឹងត្រែង និងមន្រ្តីក្នុងវិស័យយុត្តិធម៌ទាំងអស់ ឯកឧត្តម កើត រិទ្ធឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានប្រាប់ឱ្យបន្តប្រកាន់ខ្ជាប់ នូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។
មានប្រសាសន៍កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ក្នុងពិធីប្រកាសលោក អ៊ុក សុវណ្ណារិទ្ធ ចូលកាន់តំណែងប្រធាន សាលាដំបូងថ្មីនៃខេត្តស្ទឹងត្រែងជាផ្លូវការ ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ថា អភិក្រមទាំង៥នេះជាគោលការណ៍ក្នុងការអនុវត្ត មុខងារ និងភារកិច្ច ។បន្ថែមលើនេះមាន អភិក្រមទាក់ទង នឹងការកែទម្រង់ទាំង៤ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺ«ត្រូវមាន ចក្ខុវិស័យច្បាស់លាស់ មានការប្តេជ្ញាចិត្តខ្ពស់ មានការចូលរួមដោយស្មោះត្រង់ និងការលះបង់» ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ចំណែកឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង រំពឹងទុកយ៉ាងមុតមាំថា ប្រធានសាលាដំបូងថ្មី និងអង្គភាពចំណុះ នឹងបន្តបេសកកម្មការងារដឹកនាំ ដោយយកចិត្តទុកដាក់ សមត្ថកិច្ចបំពេញមុខងារ តួនាទី ភារកិច្ច មានវិជ្ជាជីវៈនិងសីលធម៌ការងាររបស់ខ្លួន ដោយផ្អែកលើទិដ្ឋភាព ៣ជាសំខាន់ គឺ ច្បាប់ នយោបាយ និងសង្គម។
សូមជម្រាបថា លោក អ៊ុក សុវណ្ណារិទ្ធ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ជំនួសលោក ឌិន ស៊ីវុទ្ធី ដែលត្រូវផ្លាស់ប្តូភារកិច្ចថ្មីទៅជាចៅក្រមតុលាកំពូល៕
ដោយ៖ឡុង សំបូរ



