រដ្ឋបាលខេត្តបន្ទាយមានជ័យ ពន្លឿនដល់ក្រុមហ៊ុនស្ថាបនាបណ្ដាញលូរំដោះទឹកភ្លៀង និងក្រុមហ៊ុនទឹកស្អាត ធ្វើឱ្យបានរួចរាល់មុនបុណ្យចូលឆ្នាំខ្មែរ
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យជំរុញដល់ក្រុមហ៊ុនម៉ៅការស្ថាបនាបណ្ដាញលូរំដោះ ទឹកភ្លៀង និងក្រុមហ៊ុនទឹកស្អាត ដែលកំពុងឈូសឆាយកាយរៀបចំបណ្ដាញថ្មីក្នុងក្រុងសិរីសោភ័ណឱ្យពន្លឿនការងារឱ្យបាន រួចរាល់ មុនពេលចូលឆ្នាំខ្មែរខាងមុខនេះ ។
ជំរុញបន្ថែមលើការណែនាំនេះ ក្នុងសប្ដាហ៍នេះ លោក ឃ្លោក នួយ អភិបាលរងខេត្ត និងមន្ត្រីសាលាក្រុងសេរីសោភ័ណ បានចុះពិនិត្យការស្ថាបនាផ្លូវ ក្រុមរៀបចំបណ្ដាញលូរំដោះទឹកភ្លៀង និងក្រុមហ៊ុនទឹកស្អាត កំពុងរៀបចំបណ្ដាញទឹកថ្មី។
ក្នុងពេលពិនិត្យជាក់ស្តែង លោកអភិបាលរងខេត្ត បានប្រាប់បណ្ដាក្រុមហ៊ុនដែលទទួលការសាងសង់ត្រូវសហការគ្នា ព្រោះ តាមការសង្កេតកន្លងទៅ ក្រុមហ៊ុននីមួយៗ មិនមានការសហការធ្វើជាហេតុបណ្ដាលឱ្យការដ្ឋានមានការយឺតយ៉ាវ។
លោកអភិបាលរងខេត្ត ក្នុងនាមជារដ្ឋបាលខេត្ត សូមជំរុញបណ្តាក្រុមហ៊ុនម៉ៅការ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ឱ្យបានរួចរាល់មុនចូលឆ្នាំខ្មែរខាងមុខ៕
ដោយ៖ឃិន គន្ធា





