ការប្រារព្ធទិវាវប្បធម៌ជាតិជារៀងរាល់ឆ្នាំ គឺជាការពញ្ញាក់​អារម្មណ៍ និងបំផុសឱ្យកូនខ្មែរ រួមគ្នាការពារ ថែរក្សា និង​លើកស្ទួយវប្បធម៌ ប្រពៃណីជាតិ

(ភ្នំពេញ)៖ ការប្រារព្ធទិវាវប្បធម៌ជាតិជារៀងរាល់ឆ្នាំគឺជា​ព្រឹត្តិ​ការ​ណ៍​ពញ្ញាក់អារម្មណ៍ និង បំផុសឱ្យកូនខ្មែររួមគ្នាការពារ ថែរក្សា និង លើកស្ទួយវប្បធម៌ ប្រពៃណីជាតិ ក្នុងស្មារតីរួម «ទាំងអស់​គ្នា ដើម្បីវប្បធម៌ជាតិ វប្បធម៌ជាតិ ដើម្បីទាំងអស់គ្នា» ។ ហេតុ​នេះហើយ ទើបរាជរដ្ឋាភិបាលបន្តប្រារព្ធទិវាវប្បធម៌ជាតិ ក្រោម​ប្រធានបទតែមួយគឺ «យុវជន ដើម្បីវប្បធម៌ជាតិ» ក្នុងរយៈពេល ១០ឆ្នាំ នេះ ។ នេះជាការលើកឡើងរបស់ សម្ដេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធ «ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៧ ឆ្នាំ​២០២៥» និងសំណេះសំណាលជាមួយសិល្បករ សិល្ប​ការិនី ទូទាំងប្រទេសលើកទី៦ នាល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការប្រើប្រាស់បច្ចេកវិទ្យាដោយរួមទាំងបញ្ញាសិប្បនិម្មិត (AI) ផង កំពុងមានលក្ខណៈទូលំទូលាយក្នុងសង្គម ជាពិសេស តាមបណ្តាញសង្គម ដែលយើងសង្កេតឃើញភាគច្រើននៃការ​ប្រើ​ប្រាស់មានចរិតលក្ខណៈត្រឹមត្រូវគួរឱ្យគាំទ្រ ប៉ុន្តែ ជាមួយគ្នា​នេះ ក៏មានបញ្ហាមួយចំនួនដែលកើតចេញពីការគិតគូរ​មិនបាន​គ្រប់ជ្រុងជ្រោយ។ ហេតុនេះ សូមប្រកាន់ខ្ជាប់នូវអភិក្រម និង​វប្បធម៌ ថា មានរឿងអ្វីត្រូវនិយាយរកគ្នា ប្រាស្រ័យទាក់ទងគ្នា​ក្នុងនាមជាខ្មែរស្រឡាញ់ខ្មែរ និងចៀសវាងការប្រើប្រាស់ពាក្យ​អសុរោះ ពាក្យហិង្សា ដែលប្រាសចាកពីសីលធម៌ និង វប្បធម៌ខ្មែរ ។ មួយវិញទៀត រាល់ការធ្វើសកម្មភាព និងនិយាយ​អ្វីមួយ សូមគិតពីការប៉ះពាល់អារម្មណ៍អ្នកដទៃ និងធ្វើឱ្យប៉ះ​ពាល់ដល់ទំនាក់ក្នុងសង្គមរវាងមនុស្ស និងមនុស្ស ជាពិសេស គឺត្រូវគិតគូរអំពីសេចក្ដីថ្លៃថ្នូររបស់មនុស្សដូចគ្នា ។

សម្ដេចបវរធិបតី ក៏បានណែនាំឱ្យក្រសួងវប្បធម៌ សហការ​ជាមួយ​ក្រសួងរៀបចំដែនដី ធ្វើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព​ឡើងវិញឱ្យបានច្បាស់នូវតំបន់បេតិកភណ្ឌវប្បធម៌ជាតិ ឬទីតាំង​បុរាណដ្ឋានទាំងអស់ ដើម្បីកំណត់ថា ទីតាំងណាខ្លះ​ដែលត្រូវ​ការពារ និងអភិរក្ស និងទីតាំងណាខ្លះដែលត្រូវដោះ​ស្រាយ​ជូនប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្ដែង ។

សម្ដេចបវរធិបតី បន្ថែមថា ក្រសួងស្ថាប័នពាក់ព័ន្ធសូមបន្ត​សហការគ្នា ក្នុងការរៀបចំចុះបញ្ជីបេតិកភណ្ឌពិភព​លោក​របស់អង្គការយូណេស្កូដើម្បីផ្សព្វផ្សាយអំពីសម្បត្តិវប្បធម៌របស់កម្ពុជា និងពិភពលោក ចូលរួមថែរក្សា។ ពាក់ព័ន្ធនឹងវិស័យ​សិល្បៈនេះដែរ សូមលើកទឹកចិត្តដល់ការកែច្នៃ ការបង្កើតថ្មី ការប្រើប្រាស់បច្ចេកវិទ្យាជំនាន់ថ្មី ដោយឈរលើការរក្សា​អត្តសញ្ញាណជាតិជាគោល ។

សម្ដេចនាយករដ្ឋមន្ត្រី សូមឱ្យបន្តការស្រាវជ្រាវ និងចងក្រង​នូវសិល្បវប្បធម៌ ជាពិសេសប្រភេទសិល្បៈដែលមាន​ហានិភ័យខ្ពស់ ដោយរាជរដ្ឋាភិបាល បានរៀបចំចុះបញ្ជីសង្ក្រាន្ត​នៅកម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក ហេតុនេះ សូមរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រៀបចំសង្ក្រាន្ត​ឱ្យបានច្រើន និងស្របតាមប្រពៃណីជាតិខ្មែរ នៅតាមមូលដ្ឋានរបស់ខ្លួន នាឱកាសសង្ក្រាន្តឆ្នាំថ្មីខាងមុខនេះ ខណៈក្នុង ១ឆ្នាំជាងនេះ តាំងពីចាប់កំណើតរាជរដ្ឋាភិបាលថ្មី យើងបានដាក់​ប្រាសាទកោះកេរ ចុះបញ្ជីក្រមា ទៅក្នុងអង្គការ​យូណេស្កូ នេះ ។ សម្តេច ក៏បានជំរុញឱ្យក្រសួងវប្បធម៌ និង​មន្ត្រីជំនាញ សូមបន្តកិច្ចការងារនេះ ដើម្បីឱ្យពិភពលោកបាន​ឃើញនូវអ្វីដែលបុព្វបុរសយើងបានខិតខំ និងអំពាវនាវដល់​ជនរួមជាតិ ចូលរួមបើកចិត្តឱ្យទូលាយ ថែរក្សា និងរួមគ្នាចែក​រំលែក​អ្វីដែលខ្មែរមាន ដើម្បីទាំងអស់គ្នា ចូលរួមអបអរសាទរ និងឱ្យបរទេសបានស្គាល់ថា អ្វីជារបស់ខ្មែរ ។

ទន្ទឹមនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញពី​ទិដ្ឋភាព​នាសម័យដើម ដែលប្រជាពលរដ្ឋពេញនិយមលេង​ល្បែង​ប្រជាប្រិយខ្មែរពេលចូលឆ្នាំប្រពៃណីខ្មែរ ខណៈដែល​យុវវ័យសម័យនេះ នឹកឃើញតែការលេងបាញ់ទឹក និង​ពពុះសាប៊ូ ។ សម្តេច សង្ឃឹមថា ក្នុងពិធីបុណ្យចូលឆ្នាំ​ប្រពៃណីខ្មែរ​ខាងមុខនេះ សម្តេច មានបំណងឱ្យយុវជនជា​កម្លាំងស្នូល ទាំងសិល្បករ សិល្បការិនី ចូលរួមផ្សព្វផ្សាយ​ឱ្យកាន់តែទូលំទូលាយអំពីវប្បធម៌ដ៏ល្អល្អះរបស់យើង។

បន្ថែមពីនេះ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្រាប់ការរៀបចំអង្គរសង្ក្រាន្តក្នុងឆ្នាំនេះ ក៏មានការរៀបចំ​ល្បែងប្រជាប្រិយខ្មែរ ជាពិសេស សម្តេច បានណែនាំដល់​គណៈអភិបាលរាជធានី/ខេត្តទូទាំងប្រទេស យកចិត្តទុកដា​ក់រៀបចំលេងល្បែងប្រជាប្រិយខ្មែរ ឱ្យកាន់តែផុសផុល និងធ្វើការផ្សព្វផ្សាយពីសិល្បៈវប្បធម៌ដ៏យូរអង្វែងរបស់យើង ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ សម្តេច ថា ការ​ណែនាំបែបនេះ មិនមែនហាមមិនឱ្យមានការបាញ់ទឹកនោះទេ ប៉ុន្តែកុំភ្លេចល្បែងប្រជាប្រិយរបស់យើងផង ។

ជាមួយគ្នានេះដែរ សម្ដេចបវរធិបតី សូមលើកទឹកចិត្តឱ្យក្រសួង​វប្បធម៌ និងវិស័យឯកជន បញ្ជូនមន្ត្រី សិល្បករ សិល្បការិនី ទៅ​សិក្សា ដកពិសោធន៍ និងសហការជាមួយដៃគូ ក្នុងការរៀបចំ​វគ្គបណ្តុះបណ្តាលជំនាញក្នុង និងក្រៅស្រុក។ បន្ថែមលើនេះ សូមក្រសួងវប្បធម៌ សហការជាមួយក្រសួងការបទេស ជំរុញឱ្យ​គ្រប់ស្ថានទូត និងស្ថានកុងស៊ុលកម្ពុជាប្រចាំនៅបរទេស រៀបចំ​ព្រឹត្តិការណ៍វប្បធម៌ខ្មែរ ឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner