ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ៖ នារី គឺជាកម្លាំងស្នូល ដើរតួនាទី​យ៉ាងសំខាន់ មិនអាច ខ្វះបានក្នុងវិស័យសុខាភិបាល និង​ការអភិវឌ្ឍប្រទេស

(ភ្នំពេញ)៖ នារីគឺជា កម្លាំងស្នូល ដើរតួនាទីយ៉ាងសំខាន់ មិន​អាច​ខ្វះបានក្នុងវិស័យសុខាភិបាល និងក្នុងការអភិវឌ្ឍ​ប្រ​ទេសជាតិ ។ ភាពជោគជ័យ ការកសាងគ្រួសារ គ្រប់ដំណើរ នៃការវិវត្តន៍ របស់ស្រ្តី ដែលមានបង្កប់ដោយសេចក្តីស្រឡាញ់ ការថែទាំ ទុកដាក់គ្រួសារ ការបម្រើការងារ និងប្រទេសជាតិ បន្ថែមទៅលើ បន្ទុកពពោះ មើលថែកូនចៅក្នុងក្រុមគ្រួសារ​ទៀតផង។ ប្រទេសកម្ពុជា បានជាប់ជាប្រទេសគំរូ ដែល​សម្រេចបានលទ្ធផលល្អប្រសើរក្នុងការផ្តល់ការយកចិត្តទុកដាក់លើសុខភាព និងសុខុមាលភាពស្រ្តី ។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងបែបនេះ ក្នុងពិធីអបអរសាទរខួប​អនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ស្ត្រី សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ជានារីក្នុងវិស័យសុខាភិបាលទាំងមូល ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងការលើកស្ទួយវីស័យសុខាភិបាល ការផ្តល់សេវាប្រកបដោយ គុណភាព និងសមភាព ជូនដល់ប្រជាជន និងខិតខំអភិវឌ្ឍចំណេះជំនាញ​របស់ខ្លួនជាបន្តបន្ទាប់។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយស​មេដាយ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ជានារី ចំនួន ៤១រូប ដែលមានស្នាដៃក្នុងការបំពេញការងារ និងដើម្បី​លើកទឹក​ចិត្តដល់នារី ឱ្យខិតខំបំពេញការងារបន្ថែមទៀត។

ក្នុងកម្មវិធី ក៏មានការច្រៀងរួមគ្នា នូវបទចម្រៀង «សុខាភិបាល ដើម្បីស្នាមញញឹម» ដែលបង្ហាញពីការសហការគ្នា និង​សាមគ្គីភាព ស្នាមញញឹមរបស់នារី និងភាពអង់អាច​ក្នុងការ​បំពេញការងាររបស់ថ្នាក់ដឹកនាំ រហូតមន្រ្តីរាជការជានារី ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិ​នារី ៨មីនា ឆ្នាំ២០២៥ ស្របទៅនឹងប្រធានបទ «ស្ត្រី សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» ៕

ដោយ ៖ ហេងសម្បត្តិ + ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner