កាណាដាថ្កោលទោសលោក Trump និង ប្តេជ្ញាធ្វើសង្គ្រាមពន្ធជាមួយអាមេរិកដល់ទីបញ្ចប់
អូតាវ៉ា ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានថ្កោលទោសការដាក់ពន្ធដ៏ច្រើនសន្ធឹកសន្ធាប់របស់មេដឹកនាំអាមេរិក លោក Donald Trump លើប្រទេសកាណាដា ដោយលោកបានហៅវាថា ជា “រឿងល្ងង់ខ្លៅបំផុត” ហើយប្តេជ្ញាថា នឹង “ប្រយុទ្ធដល់ទីបញ្ចប់” ដើម្បីការពារសេដ្ឋកិច្ចកាណាដា។
ប្រតិកម្មខ្លាំងៗរបស់លោក Trudeau កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Trump បានដាក់ពន្ធ ២៥% លើផលិតផលដែលចូលសហរដ្ឋអាមេរិកពីកាណាដា និងម៉ិកស៊ិក ហើយបានបង្កើនការយកពន្ធបន្ថែម ១០% លើទំនិញនាំចូលពីប្រទេសចិន។
ទន្ទឹមគ្នា មេដឹកនាំកាណាដារូបនេះ បានប្រកាសដំឡើងពន្ធសងសឹកលើទំនិញនាំចូលពីអាមេរិក ហើយបានព្រមានថា សង្រ្គាមពាណិជ្ជកម្មនឹងធ្វើឱ្យប្រទេសទាំងពីរខាតបង់ទាំងសងខាង។
បន្ថែមលើនេះ លោក Trudeau ក៏បានចោទប្រកាន់លោកប្រធានាធិបតី Trump ផងដែរថា បានរៀបចំផែនការ “ផ្តួលរលំសេដ្ឋកិច្ចកាណាដាឱ្យរាបដល់ដី ពីព្រោះការធ្វើបែបនេះ នឹងបង្កភាពងាយស្រួលដាក់បញ្ចូលកាណាដាជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក។
យ៉ាងណា លោក Trump នៅតែបន្តជំរុញសង្គ្រាមពាណិជ្ជកម្មរបស់គាត់ ហើយបានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social យ៉ាងដូច្នេះថា សូមពន្យល់ដល់លោកនាយករដ្ឋមន្រ្តី Trudeau ថា នៅពេលគាត់ដាក់ពន្ធសងសឹកអាមេរិកវិញ នោះពន្ធរបស់យើងនឹងកើនឡើងភ្លាមៗដូចគ្នាដែរ។
ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា វិធានការសងសឹករបស់កាណាដា រួមមានការដាក់ពន្ធ ២៥% ទៅវិញទៅមក ដែលនឹងត្រូវដាក់លើទំនិញអាមេរិកមានតម្លៃ ១០៧ ពាន់លានដុល្លារ។ ក្នុងនោះការដាក់ពន្ធលើទំនិញមានតម្លៃ ២០ ពាន់លានដុល្លារ នឹងចូលជាធរមានភ្លាមៗ ខណៈដែលពន្ធលើផលិតផលអាមេរិកមានតម្លៃ ៨៦ ពាន់លានដុល្លារទៀត នឹងចូលជាធរមានក្នុងរយៈពេល ២១ថ្ងៃក្រោយ៕
ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា
