តុលាការអាមេរិកច្រានចោលបណ្ដឹងលោក Elon Musk ដែលចង់ធ្វើស៊ីក្រុមហ៊ុន OpenAI
បរទេស៖ តុលាការអាមេរិកបានទាត់ចោលផែនការ របស់លោក Elon Musk ដែលប៉ុនប៉ងធ្វើស៊ី ក្រុមហ៊ុនបច្ចេកវិទ្យា OpenAI តាមរយៈការចាត់ទុកស្ថាប័ន ក្រោមការគ្រប់គ្រង ដោយលោក Sam Altman ដែលជាគូប្រជែងរកស៊ីដ៏ខ្លាំងរបស់លោក Musk ថា លែងជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ ទៀតហើយ នេះបើការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNBC។
ប្រភពចុះផ្សាយថា ចៅក្រម ប្រចាំនៅរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃអង្គារ បាននិយាយថា លោក Elon Musk មិនអាចឆ្ពោះទៅមុខ ក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកច្បាប់ ដើម្បីបញ្ឈប់ OpenAI ពីការបំប្លែង ទៅជាអង្គភាពរកប្រាក់ចំណេញ នោះទេ ព្រោះ ដើមបណ្តឹងមិនបានបំពេញតាមបន្ទុក នៃភ័ស្តុតាង តាមសំណើស្នើសុំ នោះឡើយ។
គួរបញ្ជាក់ថា ថ្មីៗនេះ លោក Musk បានស្នើសុំទិញ OpenAI ក្នុងតម្លៃ ជិត១០០ ពាន់លានដុល្លារ ប៉ុន្តែ បាននិយាយថា លោក នឹងដកការដេញថ្លៃនេះ វិញ ប្រសិនបើក្រុមហ៊ុនផលិត ChatGPT មួយនេះ បញ្ឈប់ការចាត់ទុកថាខ្លួនថា ជាអង្គភាពមិនរកប្រាក់ចំណេញ។
ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក OpenAI ដែលលោក Musk ធ្លាប់ធ្វើជាសហស្ថាបនិកផងដែរនោះ ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០១៥ ហើយត្រូវបានចាត់ថ្នាក់ជា មន្ទីរពិសោធន៍ស្រាវជ្រាវបញ្ញាសិប្បនិម្មិត ឬ AI របស់អាមេរិក ក្រោមឆ័ត្រមិនរកប្រាក់ចំណេញ ប៉ុន្តែ ក្រោយមក ក៏បានធ្វើពាណិជ្ជកម្មផលិតផល ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ជាពិសេស គឺ Chatbot ឈ្មោះ ChatGPT តែ ក្រុមហ៊ុននៅតែត្រូវបានគ្រប់គ្រង បែបមិនស្វែងរក ប្រាក់ចំណេញ ដដែល។
ហេតុនេះហើយ បានជាត្រូវប្រឈមមុខនឹងរឿងរ៉ាវ ក្នុងតុលាការជាមួយ លោក Musk ដែលជាដៃស្តាំរបស់លោកប្រធានាធិបតី Trump។ ប៉ុន្តែ ជម្លោះផ្លូវច្បាប់រវាង លោក Musk និង មេធំ OpenAI បានចាប់ផ្តើម តាំងពីឆ្នាំ២០២៤ មកម្ល៉េះ៕
ប្រភពពី CNBC ប្រែសម្រួល៖ សារ៉ាត
