ក្រុមហ៊ុនបន្ទះឈីប TSMC ចាយជាង ១០០ពាន់លានដុល្លារសង់រោងចក្រ៥ នៅអាមេរិក
បរទេស៖ ប្រធានក្រុមហ៊ុនផលិតបន្ទះឈីប តៃវ៉ាន់ TSMC លោក C C Wei បាននិយាយប្រាប់លោក Trump ថា នឹងបោះទុនវិនិយោគ ១០០ពាន់លានដុល្លារអាមេរិក សង់រោងចក្រថ្មីៗចំនួន៥ នៅសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA។
បើតាមប្រភព លោក C C Wei ទើបបានជួបលោកប្រធានាធិបតី Donald Trump ជជែកពីរឿងនេះ នៅសេតវិមាន កាលពីថ្ងៃចន្ទ។ លោកបានប្រាប់ថា តាមគម្រោង ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co គ្រោងនឹងសាងសង់រោងចក្រផលិតបន្ទះសៀគ្វី ហើយបង្កើតការងារ ចំនួន៤ម៉ឺនកន្លែង។
លោក Trump បាននិយាយប្រាប់លោក C C Wei វិញ ថា អាមេរិកត្រូវជំរុញការផលិតបន្ទះសៀគ្វី និង semiconductors ព្រោះ ជាបញ្ហាសន្តិសុខជាតិ ។
TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោក គឺជាអ្នកផ្គត់ផ្គង់ឈានមុខគេដល់ក្រុមហ៊ុនផលិត Hardware ធំៗ របស់សហរដ្ឋអាមេរិក។
សម្រាប់ លោក Trump សេចក្តីប្រកាសរបស់ TSMC នេះ បានរំងាប់ចិត្តអ្នកបោះឆ្នោត ដែលជឿថា លោក Trump បំពេញការសន្យា ក្នុងការធ្វើបន្ថែមទៀតដើម្បីជំរុញឧស្សាហកម្មក្នុងស្រុក និងបង្កើតការងារ។ កាលពីខែកុម្ភៈ ក្រុមហ៊ុន Apple បាននិយាយថា ខ្លួននឹងបណ្តាក់ទុនថ្មី ៥០០ពាន់លានដុល្លារ ហើយ SoftBank របស់ជប៉ុន ក៏បានសន្យាការវិនិយោគ រាប់ពាន់លានដុល្លារ នៅអាមេរិក ទៀតផង៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត
