ព្រឹទ្ធសភា នឹងបន្តគាំទ្រលើការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ និងផ្ដល់ភាពអង់អាចដល់ស្រ្តីរបស់រាជរដ្ឋាភិបាល
(ភ្នំពេញ)៖ ព្រឹទ្ធសភា នឹងបន្តគាំទ្រលើការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ និងផ្ដល់ភាពអង់អាចដល់ស្រ្តីរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងកិច្ចការនារីជាសេនាធិការ ដើម្បីផ្តល់ឱកាសឱ្យស្ត្រី និងក្មេងស្រី អាចចូលរួមយ៉ាងពេញលេញ និងប្រកបដោយសក្តានុពលលើគ្រប់វិស័យ រួមចំណែកក្នុងការពន្លឿនកម្ពុជា ឱ្យសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។ នេះជាការលើកឡើងរបស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសអញ្ជើញជាតំណាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» នៅវិមាន៧មករា នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ។
ឯកឧត្តម អ៊ុច បូររិទ្ធ មានប្រសាសន៍ថា ផែនការយុទ្ធសាស្រ្ត “នារីរតនៈទី៦” ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី (ឆ្នាំ២០២៤-២០២៨) និងផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រី ជាការសម្តែងចេញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជា ក្នុងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងការបង្កើតសង្គមមួយប្រកបដោយយុត្តិធម៌ បរិយាបន្ន និងសមធម៌ ដែលស្ត្រី និងក្មេងស្រីគ្រប់រូប អាចសម្រេចបាននូវសក្តានុពលពេញលេញរបស់ខ្លួន និងរួមចំណែកយ៉ាងមានអត្ថន័យដល់ការអភិវឌ្ឍប្រទេសជាតិ។ ផ្អែកលើវឌ្ឍនភាពខាងលើ ប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ និងថ្នាក់តំបន់ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងកិច្ចការនារី ទទួលបានជាបន្តបន្ទាប់នូវពានរង្វាន់សំខាន់ៗ កម្រិតតំបន់ និងអន្តរជាតិ ។
ឯកឧត្តម ប្រធានស្តីទីព្រឹទ្ធសភា សូមអបអរសាទរ និងវាយតម្លែខ្ពស់ចំពោះតួរនាទីរបស់កម្ពុជា ក្នងនាមជាប្រធាន និងជាតំណាងបណ្តាប្រទេសទាំង៥៣ និងសហគមន៍ទាំង៩ នៅក្នុងតំបន់ អាស៊ី ប៉ាស៊ីហ្វិក សម្រាប់ឆ្នាំ ២០២៣-២០២៥ ដែលបានជ្រើសរើស ដោយក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) ដើម្បីចូលរួម រាយការណ៍អំពី វឌ្ឍនភាព កាលានុវត្តភាព និងទិសដៅ អាទិភាពដែលនឹងប្រព្រឹត្តនៅអំឡុងខែមីនា ឆ្នាំ២០២៥ នេះ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាម៉េរិក។
នេះគឺជាការទទួលស្គាល់ដ៏មានសារៈសំខាន់របស់ស្ថាប័នអន្តរជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញអាទិភាពក្នុងតំបន់ និងនៅលើវេទិកាពិភពលោក។ លទ្ធផលដែលទទួលបានគួរជាទីមោទនៈនេះ មិនអាចកាត់ផ្តាច់បានពីការធ្វើពលីកម្មទាំងកម្លាំកាយចិត្តរបស់ក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រសួងស្ថាប័ន អង្គការជាតិ-អន្តរជាតិ ក្រុមគ្រួសារ សហគមន៍ សង្គមស៊ីវិល និងគ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងកិច្ចការពារសិទ្ធិស្រ្តី ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី នៅគ្រប់កម្រិត និងគ្រប់វិស័យ ។
ឯកឧត្តម អ៊ុច បូររិទ្ធ បានបន្តថា ក្នុងតួនាទីជាតំណាងរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា តែងតែចុះជាប់ទៅសួរសុខទុក្ខប្រជាជននៅតាមមូលដ្ឋាន ជាពិសេសស្រ្តី និងក្មេងស្រី ដែលមានជាង៥០% នៃប្រជាជនសរុប ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅ ស្តាប់មតិយោបល់ និងសំណូមពរនានា ។
ជាមួយនេះ កន្លងមក ព្រឹទ្ធសភា បានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លាដល់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយជាតិ ព្រមទាំងបានពិនិត្យ និងអនុម័តច្បាប់នានា ដែលរាជរដ្ឋាភិបាលបានស្នើ ក្នុងនោះក៏មានច្បាប់មួយចំនួនដែលជាបទដ្ឋានគតិយុត្ត ក្នុងការអនុវត្តគោលនយោបាយជាតិពាក់ព័ន្ធនឹងសមភាពយេនឌ័រ និងកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ស្ត្រី និងក្មេងស្រី។ ទន្ទឹមនេះព្រឹទ្ធសភា ក៏បានផ្តល់សច្ចាប័នដល់អនុសញ្ញា និងពិធីសារអន្តរជាតិ ពាក់ព័ន្ធនឹងសិទ្ធិស្ត្រី និងកុមារ ព្រមទាំងពិនិត្យលើសង្គតិភាពរវាងច្បាប់អន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ន និងច្បាប់ជាតិដែលបានចូលជាធរមាន ។
ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ជាក់ថា ក្នុងនាមស្ថាប័នព្រឹទ្ធសភា ដែលជាតំណាងឆន្ទៈប្រជាពលរដ្ឋកម្ពុជា នឹងបន្តជំរុញ គាំទ្រយ៉ាងខ្លាំងក្លាចំពោះការតាក់តែងច្បាប់ ការពិនិត្យការអនុម័ត និងតាមដានការអនុវត្តច្បាប់ផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យច្បាប់ទាំងនោះ មានការឆ្លើយតបនឹងយេនឌ័រ និងបន្តគាំទ្រលើការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ និងផ្ដល់ភាពអង់អាចដល់ស្រ្តីរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងកិច្ចការនារីជាសេនាធិការ ដើម្បីសម្រេចបានប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ជាពិសេស ចំណុចគោលដៅទី៥ ស្តីពីការសម្រេចឱ្យបានសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូប ដោយផ្អែកលើគោលការណ៍ មិនបោះបង់ពលរដ្ឋណាម្នាក់ឡើយ ៕
ដោយ ៖ វណ្ណលុក





