ក្រសួងសុខាភិបាល អង្គការយូនីសេហ្វ និង ឯកអគ្គរដ្ឋទូតចិន បើកគម្រោងការពង្រឹងការអប់រំ សុខភាព និងអនាម័យសម្រាប់កុមារដែលងាយរងគ្រោះបំផុត នៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា រួមទាំងលោក Will Parks ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា បានអញ្ជើញក្នុងពិធីបើកគម្រោងការពង្រឹងការអប់រំ សុខភាព និងអនាម័យសម្រាប់កុមារដែលងាយរងគ្រោះបំផុត នៅកម្ពុជា។
គម្រោងជំនួយនេះ មានគោលបំណង ដើម្បីបំពេញចន្លោះក្នុងការធានាគុណភាព និងលទ្ធភាពក្នុងការទទួលបានសេវាសំខាន់ៗ សម្រាប់កុមារ ស្ត្រី និងសមាជិកគ្រួសារ រួមទាំងទារកទើបនឹងកើត កុមារដែលមានពិការភាព កុមារដែលមានហានិភ័យនៃកង្វះអាហារូបត្ថម្ភ ជនជាតិភាគតិច និងគ្រួសារ IDPoor នៅក្នុងតំបន់ដាច់ស្រយាលមួយចំនួននៅក្នុងប្រទេស។
ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្ពស់លើការគាំពារសង្គម ប្រកបដោយសមធម៌ និងស្មើសិទ្ធដោយផ្តោតលើការកសាងភាពធន់ និងរក្សាភាពទន់ភ្លន់ សំដៅរួមចំណែក លើកកម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន សំដៅធានាថា ប្រជាពលរដ្ឋគ្រប់រូប រួមទាំងកុមារ ទទួលបាននូវសេវាសុខាភិបាល ពេញលេញ ប្រកបដោយគុណភាព ក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងមិនមានការរើសអើង ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណចំពោះ សាធារណៈរដ្ឋប្រជាមានិតចិនសម្រាប់ការប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាជាមួយអង្គការយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារកុមារដែលត្រូវការជំនួយបន្ថែម ដែលបង្ហាញពីការសហការគ្នាក្នុងការធានាបានថា កុមារគ្រប់រូប ដោយមិនគិតពីប្រវត្តិ ឬស្ថានភាពរបស់ពួកគេ តែគឺទទួលបានការបំពេញសិទ្ធិរបស់ពួកគេក្នុងការរៀន រីកចម្រើន និងអភិវឌ្ឍឱ្យពេញសមត្ថភាពរបស់ពួកគេ។
ក្នុងគម្រោងនៃភាពជាដៃគូនេះ មានគោលបំណងលើកកម្ពស់អក្ខរកម្មមូលដ្ឋាន និងជំនាញលេខសម្រាប់អ្នកសិក្សាវ័យក្មេងបំផុតរបស់ប្រទេស។ វានឹងផ្តល់ការផ្គត់ផ្គង់ សម្ភារៈ និងចំណេះដឹងដល់គ្រូបង្រៀន ១ម៉ឺននាក់ និងសិស្ស ៨ម៉ឺននាក់ នៅក្នុងសាលាមត្តេយ្យសិក្សា និងបឋមសិក្សា រួមទាំងកុមារពិការចំនួន ៦០០នាក់ ដើម្បីកែលម្អកម្រិតបឋមសិក្សា និងការរៀនសូត្ររួមបញ្ចូល។ គម្រោងនៃភាពជាដៃគូនេះ ក៏នឹងពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលចំនួន ៦០០នាក់ នៅទូទាំងមណ្ឌលសុខភាពចំនួន ២០០ និងសមាជិកក្រុមគាំទ្រសុខភាពភូមិចំនួន ៨០០នាក់។
បុគ្គលិកថែទាំសុខភាព និងគ្រូបង្រៀនក៏នឹងត្រូវបានគាំទ្រក្នុងការទទួលយកឥរិយាបថថែទាំដែលមានសុខភាពល្អ និងចិញ្ចឹមបីបាច់ថែរក្សា និងតាមដានការលូតលាស់របស់កុមារ ដែលមានសារៈសំខាន់ក្នុងការថយចុះហានិភ័យនៃកង្វះអាហារូបត្ថម្ភរបស់កុមាររហូតដល់ ៦ម៉ឺន ៥ពាន់នាក់ កុមារអាយុក្រោម ៥ឆ្នាំ ៣ម៉ឺននាក់ ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ ពីសារៈសំខាន់ នៃការអនុវត្តសិទ្ធ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពកុមារគ្រប់រូបនៅកម្ពុជា ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច ការលើកកម្ពស់សុខុមាលភាព និងភាពធន់របស់សង្គម និងការពង្រឹងអភិបាលកិច្ចល្អប្រកបដោយបរិយាបន្ន និងចីរភាព ៕
ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ












