ឆ្នាំនេះ ចិននឹងបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៧,២%
ប៉េកាំង ៖ ទោះជួបភាពតានតឹងជាង ៣ឆ្នាំ រាប់ចាប់ពីការពង្រឹងសេដ្ឋកិច្ចរហូតដល់ការប្រឈមមុខផ្នែកភូមិសាស្ត្រនយោបាយ ជុំវិញបញ្ហាកោះតៃវ៉ាន់ និងអ៊ុយក្រែនក៏ដោយ ប្រទេសចិននៅតែមានផែនការបង្កើនការចំណាយលើវិស័យការពារជាតិដល់ទៅ ៧,២% នៅឆ្នាំ ២០២៥។
អត្រាកំណើននេះ នៅតែកើនយ៉ាងល្អលើសពីគោលដៅកំណើនសេដ្ឋកិច្ចរបស់ចិន សម្រាប់ឆ្នាំ ២០២៥ ប្រហែល ៥% ដែលក្រុមអ្នកវិភាគរំពឹងទុក និងឆ្លុះបញ្ចាំងពីមហិច្ឆតារបស់ទីក្រុងប៉េកាំង សម្រាប់ការបន្តទំនើបកម្មយោធា ស្របពេលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើងខ្លាំង។
ចាប់តាំងពីលោក ស៊ី ជីនពីង ក្លាយជាប្រធានាធិបតី និងជាអគ្គមេបញ្ជាការជាងមួយទសវត្សរ៍មកនេះ កញ្ចប់ថវិកាការពារជាតិរបស់ប្រទេសចិន បានកើនឡើងដល់ ២៤៥.៦៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ បើធៀបនឹងឆ្នាំ ២០១៣ មានត្រឹម ៩៩ ពាន់លានដុល្លារ។
ផ្អែកតាមការចេញផ្សាយរបស់កាសែតរ៉យទ័រ លោកប្រធានាធិបតី ស៊ី មានគោលបំណងបញ្ចប់ទំនើបកម្មយោធាពេញលេញនៅឆ្នាំ ២០៣៥ ជាមួយនឹងការអភិវឌ្ឍគ្រឿងបរិក្ខាយោធាថ្មីៗរបស់ប្រទេសចិន រាប់ចាប់ពីមីស៊ីល នាវាចម្បាំង នាវាមុជទឹក និងបច្ចេកវិទ្យាឈ្លបយកការណ៍ជាដើម។
មហាយក្សចិននៅតែជាប្រទេសដែលចំណាយផ្នែកយោធាធំជាងគេទីពីររបស់ពិភពលោក តាមពីក្រោយសហរដ្ឋអាមេរិក ដែលថវិកាយោធាបានស្នើឡើងសម្រាប់ឆ្នាំ២០២៥នេះ មានចំនួន ៨៥០ ពាន់លានដុល្លារ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា


