Trump ព្រមានពួកហាម៉ាស់លើកចុងក្រោយ
បរទេស ៖ មេដឹកនាំអាមេរិក លោក Trump បានផ្តល់ ការព្រមានចុងក្រោយ ដល់មេដឹកនាំក្រុម Hamas ឱ្យចាកចេញ ពីតំបន់ Gaza និងដោះលែងចំណាប់ខ្មាំងទាំងអស់។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមានថា មេដឹកនាំក្រុមហាម៉ាស់ មានឱកាសចុងក្រោយ ក្នុងការចាកចេញពីហ្គាហ្សា ដោយបង្កើនសម្ពាធ ឱ្យពួកសកម្មប្រយុទ្ធ ទាំងនោះ ដោះលែងចំណាប់ខ្មាំង។
លោក Trump បានសរសេរ នៅលើបណ្តាញសង្គម Truth Social ថា «ខ្ញុំកំពុងបញ្ជូន ឲ្យអ៊ីស្រាអែល នូវអ្វីគ្រប់យ៉ាង ដែលគេត្រូវការ ដើម្បីបញ្ចប់ការងារនេះ គ្មានសមាជិកក្រុមហាម៉ាសណាម្នាក់ នឹងមានសុវត្ថិភាពទេ ប្រសិនបើអ្នក មិនធ្វើដូច អ្វីខ្ញុំនិយាយ»។ លោកបញ្ជាក់បន្ថែមថា «នេះគឺជាការព្រមានចុងក្រោយ សម្រាប់អ្នក! សម្រាប់ភាពជាអ្នកដឹកនាំ! ឥឡូវនេះ ដល់ពេលដែលត្រូវចាកចេញពី តំបន់ Gaza ខណៈពេលដែលអ្នក នៅតែមានឱកាស»។
គួរបញ្ជាក់ថា ជនជាតិអាមេរិក ៥នាក់ ត្រូវបានគេជឿថា នៅតែស្ថិតក្នុងចំណោមចំណាប់ខ្មាំង ដែលត្រូវបានចាប់ខ្លួន នៅក្នុងការវាយប្រហារដ៏ធំ នៅថ្ងៃទី ៧ ខែតុលាឆ្នាំ២០២៣ ដោយក្រុមហាម៉ាស់ ទៅលើទឹកដីអ៊ីស្រាអែល។ បួននាក់ក្នុងចំណោមពួកគេ ត្រូវបានគេបញ្ជាក់ថា បានស្លាប់ហើយម្នាក់ទៀត ឈ្មោះ Edan Alexander ត្រូវបានគេជឿថា នៅរស់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត