ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងសំណង់ ជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់កសាងរដ្ឋបាលសាធារណៈទំនើប

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពិភាក្សាលើគម្រោងផែនការកសាងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងសំណង់នារសៀលថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ ចាត់ទុកលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសំណង់ថាជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់កសាងរដ្ឋបាលសាធារណៈទំនើប ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើដល់ក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការ ឱ្យបើកកិច្ចប្រជុំផ្ទៃក្នុង និងពិគ្រោះយោបល់ផ្ដល់គំនិតយុទ្ធសាស្ត្រ យុទ្ធវិធីបន្ថែមទៀត ដើម្បីអនុវត្តលើកិច្ចការវិមជ្ឈការ និងវិសហមជ្ឈការ ដែលនេះក៏ជារឿងសំខាន់មួយដែលយើងត្រូវធ្វើផងដែរ ដោយផ្អែកលើការពូនជ្រុំរដ្ឋបាលសាធារណៈទំនើប ក្នុងនោះមានការកសាងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន លើកទឹកចិត្តដល់មន្ត្រី ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យសមាជិកអង្គប្រជុំត្រូវរួមគ្នាគិតគូរអំពីវិស័យសំណង់ និងរៀបចំដែនដី ព្រោះថាការកសាងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង គឺត្រូវមានការចូលរួមសហការពីរដ្ឋបាលថ្នាក់ក្រោមជាតិ ឬខេត្ត ដោយបង្រៀនអ្នកចូលរួមឱ្យចេះច្បាប់នោះ ទើបការអនុវត្តច្បាប់ទទួលបានជោគជ័យ ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺបន្តនិរន្តរភាពការងារនិងធានាដំណើរការរបស់ស្ថាប័ន រក្សាស្មារតីនិងសតិអារម្មណ៍មន្រ្តីឱ្យបាននឹងនរ សាមគ្គីភាពនិងឯកភាពផ្ទៃក្នុង និងកសាងជំនឿទុកចិត្តពីប្រជាពលរដ្ឋ ហើយការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះអាចជោគជ័យបាន លុះត្រាតែរដ្ឋបាលថ្នាក់ក្រោមជាតិមានកម្រិតចំណេះដឹងស្មើគ្នា នោះទើបអាចមានការយល់ដឹង និងរួមគ្នាអនុវត្តការងារបម្រើប្រជាពលរដ្ឋបានល្អប្រសើរ ។

បន្ទាប់ពីកិច្ចប្រជុំនេះរួច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ នឹងបញ្ជូនលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងសំណង់ទៅកាន់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន សមាគមអ្នកសាងសង់និងដៃគូផ្សេងៗទៀតផ្ដល់មតិយោបល់បន្ថែមដើម្បីឲ្យលិខិតបទដ្ឋានទាំងនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ រួចនឹងបញ្ជូនបន្តទៅកាន់គណៈរដ្ឋមន្ត្រីដើម្បីសុំការអនុម័ត ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner