ចិនសំងំផលិតនាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរប្រជែងអាមេរិក

ប៉េកាំង ៖ ប្រទេសចិនកំពុងបោះជំហានឈានឆ្ពោះទៅមុខ ដើម្បីបិទគម្លាតសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន ធៀបនឹងប្រទេសមហាអំណាចដទៃ តាមរយៈការសាងសង់នាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ។

នាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ ត្រូវបានរំពឹងថា នឹងធ្វើឱ្យចិនក្លាយជាប្រទេសមានកងទ័ពជើងទឹកកាន់តែខ្លាំងក្លា ហើយរូបភាពថតដោយផ្កាយរណប ត្រូវបានគេជឿថា នាវារបស់ចិននេះទំនងជាមានទំហំប៉ុននាវាធំបំផុតនៅក្នុងជួយកងនាវារបស់សហរដ្ឋអាមេរិកដែរ។

នាវាទំនើបខ្នាតយក្សរបស់ចិននេះ កំពុងស្ថិតក្រោមដំណើរការសាងសង់នៅឯរោងចក្រផលិតកប៉ាល់ Dalian របស់ប្រទេសចិន។ បច្ចុប្បន្ននេះ មានតែអាមេរិក និងបារាំងទេ ដែលមាននាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ នៅក្នុងជួរកងនាវារបស់ប្រទេសពួកគេ។

បើសិននាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរនេះសាងសង់រួចរាល់ នោះចិននឹងជាប់ឈ្មោះក្នុងបញ្ជីប្រទេស ដែលមានសមត្ថភាពកងទ័ពជើងទឹកមិនអាចប្រៀបផ្ទឹមបាន។

បច្ចុប្បន្នកងទ័ពរំដោះប្រជាជនចិន ហៅកាត់ (PLA) មានចំនួននាវាចម្បាំងច្រើនជាងគេលើពិភពលោក ប៉ុន្តែនាវាផ្ទុកយន្តហោះចម្បាំងមានចំនួន ៣ ប្រភេទ គឺ Liaoning, Shandong និង Fujian។

នាវាទាំង ៣ ត្រូវបានសាងសង់ឡើងក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែពួកវាជាប្រភេទនាវាដើរដោយថាមពលធម្មតាប៉ុណ្ណោះ។ នេះគឺជាបញ្ហាចម្បងមួយ ដោយសារនាវាចម្បាំងដើរដោយថាមពលនុយក្លេអែរ អាចធ្វើដំណើរក្នុងរយៈចម្ងាយឆ្ងាយក្នុងសមុទ្របើកចំហដោយមិនចាំបាច់ត្រូវការប្រេង ដូចនាវាដើរដោយថាមពលធម្មតា៕

ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner