សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ នៅកម្ពុជាការលើកកម្ពស់សិទ្ធិនារី ការផ្តល់ភាពអង់អាចជូនដល់ស្រ្តីនិងកុមារី ត្រូវបានអនុវត្តតាំងពីក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩មក
(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអនុញ្ញាតជូនប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដឹកនាំដោយ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ចូលជួបសម្តែងការគួសម និងទទួលអនុសាសន៍ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ។
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា បានគោរពថ្លែងអំណរគុណសម្តេចប្រធានរដ្ឋសភា និងទទួលអនុសាសន៍ណែនាំ ដើម្បីសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន យកទៅអនុវត្តកាន់តែមានប្រសិទ្ធភាព នៅក្នុងសកម្មភាពមនុស្សធម៌និងការជួយលើកកម្ពស់សមភាពយេនឌ័រ នៅសង្គមកាន់តែបានច្រើនឡើងបន្ថែមទៀត ស្របតាមចក្ខុវិស័យវែងឆ្ងាយនិងគោលនយោបាយច្បាស់លាស់ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ នៃរដ្ឋសភា។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការងាររបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃក្រសួងព័ត៌មាន ដែលកន្លងមកបានចូលរួមយ៉ាងសកម្មនៅក្នុងការរួមចំណែកធ្វើសកម្មភាពមនុស្សធម៌ នៅក្នុងក្រសួង ក៏ដូចជាសង្គមខាងក្រៅ តាមរយៈការស្វែងយល់សុខទុក្ខ មន្រ្តីរាជការដែលជានិវត្តន៍ជននិងចាស់ជរា និងជនងាយរងគ្រោះនានា ។ សកម្មភាពមនុស្សធម៌ទាំងនេះ ជាគំរូដ៏ល្អ ជាការផ្សារភ្ជាប់សុខទុក្ខរវាងអ្នកជំនាន់មុននិងអ្នកជំនាន់ក្រោយ។
សម្តេចបានគូសបញ្ជាក់ថា ការផ្សារភ្ជាប់សុខទុក្ខអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយនេះ មិនត្រឹមជាការគោរពដឹងគុណដល់រាមច្បងដែលបានលះបង់កម្លំាងកាយចិត្តបម្រើសង្គមនិងប្រទេសជាតិប៉ុណ្ណោះទេ តែជាឱកាសដែលអ្នកជំនាន់ក្រោយបានសិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍ការងារពីអ្នកជំនាន់មុនផងដែរ។
សម្តេច រដ្ឋសភាធិបតី បានរំលឹកថា នៅកម្ពុជាការលើកកម្ពស់សិទ្ធិនារី ការផ្តល់ភាពអង់អាចជូនដល់ស្រ្តីនិងកុមារី ត្រូវបានអនុវត្តតាំងពីក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩មក។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ការទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេសនោះហើយ ទើបស្រ្តីនៅកម្ពុជាទទួលបានការគោរព ការផ្តល់ជូនឋានៈតួនាទីនៅក្នុងសង្គម ដូចពេលបច្ចុប្បន្ននេះ។ តួនាទីនិងឋានៈរបស់ស្រ្តីនៅក្នុងសង្គមផ្សារភ្ជាប់ជាមួយស្ថានភាពនយោបាយរបស់សង្គមជាតិនីមួយៗ។ សង្គមជាតិមានសន្តិភាព ស្រ្តីមានសិទ្ធិ មានសេរីភាពនិងទទួលបានឋានៈនៅក្នុងសង្គម។ បើសង្គមជាតិជួបសង្រ្គាមគឺបាត់បង់សិទ្ធិទាំងអស់ សូម្បីសិទ្ធិជាមូលដ្ឋាននៃការរស់រានមានជីវិតក៏គ្មានដែរ ៕




ដោយ ៖ ហេង សម្បត្តិ + ថេត វិចិត្រ