មន្ត្រីនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បន្តសកម្មភាពទប់ស្កាត់ជំងឺផ្តាសាយបក្សីនៅក្នុងភូមិឡទឹកត្រី
កំពង់ឆ្នាំង៖នៅថ្ងៃទី៦ខែ មីនាឆ្នាំ ២០២៥លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានចាត់ក្រុមការងារជាពីរក្រុម។ក្នុងនេះក្រុមមួយចុះផ្សព្វផ្សាយនៅតាមសាលារៀន និងមួយក្រុម ទៀតចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមផ្ទះ និងចុះយកវត្ថុវិភាគបន្ថែមនៅកន្លែងសង្ស័យ

ក្រុមការងារដែលមានតំណាងមកពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក្រសួងកសិកម្ម,តំណាងមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង,មន្ត្រីជំនាញ,មេភូមិ ចៅសង្កាត់,ប៉ុស្តិ៍រដ្ឋបាលសង្កាត់,អភិបាលរងក្រុងកំពង់ឆ្នាំង មន្ទីរសុខាភិបាលបានចុះប្រមូលព័ត៌មានពីនាក់ចិញ្ចឹមមាន់សរុបចំនួន១៥គ្រួសារ នៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងដែលមានសត្វមាន់សរុប ១១៧ ក្បាល ក្នុងនោះគ្រួសារដែលមានមាន់ឈឺចំនួនប្រាំមួយគ្រួសារ , បីគ្រួសារមាន់ងាប់និង បីគ្រួសារទៀត មានមាន់រស់ចំនួន ៣២ក្បាល ក្នុងនោះមានពីរគ្រួសារបានយល់ព្រមសម្លាប់មាន់និងមួយគ្រួសារទៀតមានមាន់ចំនួន ១៥ ក្បាលកំពុងធ្វើការសម្របសម្រួល។

ក្រុមការងារក៏បានធ្វើការផ្សព្វផ្សាយតាមរយៈការចែកខិតបណ្ណ និងបិទបណ្ណប្រកាសអំពីជំងឺផ្ដាសាយបក្សីនិងហាមធ្វើចរាចរបក្សី ព្រមចុះធ្វើជីវសុវត្ថិភាពបានចំនួន៤១ ផ្ទះនិងតាមដងផ្លូវ។

ពាក់ព័ន្ធនឹងករណីមាន់ឈឺខាងលើបានកើតឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ។ មាន់ទាំងអស់នេះមិនបានទិញមកពីខាងក្រៅទេគឺចិញ្ចឹមជាលក្ខណៈគ្រួសារ និងទុកធ្វើម្ហូប ដោយមិនមានលក្ខណៈជាការធ្វើអាជីវកម្មទេ។ក្រុមការងារក៏បានយកសំណាកសត្វចំនួន ៥ ក្បាលទៅពិនិត្យរកវត្តមាន H5N1 នៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វ។
នេះបើយោងតាមរបាយការណ៍របស់លោក ក្រឹង សំអាត ប្រធានការិយាល័យខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា មាន់ងាប់ដោយសារជំងឺសរុបចំនួន ៤៨ ក្បាល និងសម្លាប់ចោលចំនួន ៦៣ ក្បាលទាំងតូចទាំងធំ និងស៊ុតមាន់ចំនួន៤១គ្រាប់ ត្រូវបានដុតបំផ្លាញចោលទាំងអស់៕
ដោយ៖សុខ គឹមសៀន

