លោក Putin បញ្ចប់ការធ្វើលិខិតឆ្លងដែនដល់ប្រជាជនក្នុងតំបន់ដណ្តើមបានពីអ៊ុយក្រែន
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នោថ្ងៃពុធនិយាយថា រុស្ស៊ីបានបញ្ចប់រួចរាល់ហើយ នូវការចេញលិខិតឆ្លងដែនដល់ប្រជាជនរស់នៅក្នុងតំបន់ ដែលរុស្ស៊ីដណ្តើមបានពីអ៊ុយក្រែន។
ជាការឆ្លើយតប អ៊ុយក្រែនបានខឹងសម្បារជាខ្លាំង និង បានរិះគន់ថា ទង្វើនេះជាការប៉ុនប៉ងខុសច្បាប់ដើម្បីលុបបំបាត់តំបន់មានអត្តសញ្ញាណអ៊ុយក្រែន។
ទោះបីជាយ៉ាងណា លោកប្រធានាធិបតី ពូទីន បានអះអាងថា កាលពីឆ្នាំមុន ការធ្វើលិខិតឆ្លងដែនជូនប្រជាជនដែលរស់នៅក្នុងតំបន់រំដោះបានពីអ៊ុយក្រែន មានដូចជា Lugansk និង Donetsk រួមទាំង Kherson និង Zaporizhzhia បានបញ្ចប់ស្ទើរតែទាំងស្រុងហើយ។
បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរុស្ស៊ី លោក វ្ល៉ាឌីមៀ ខូឡូខូលសេវ លិខិតឆ្លងដែនសរុបចំនួន ៣,៥លាន ត្រូវបានធ្វើ និងប្រគល់ឱ្យរួចរាល់។
ចាប់តាំងពីការចាប់ផ្តើមការវាយលុកយោធាទ្រង់ទ្រាយធំក្នុងខែកុម្ភៈ ឆ្នាំ ២០២២ រុស្ស៊ីបានជំរុញជនជាតិអ៊ុយក្រែនដែលរស់នៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេសឱ្យក្លាយជាពលរដ្ឋរុស្ស៊ី។
យ៉ាងណាមិញ អ៊ុយក្រែនបានហៅទង្វើនេះថា ជារឿងខុសច្បាប់ និងជាការរំលោភលើអធិបតេយ្យភាពរបស់អ៊ុយក្រែន។ ចំណែករដ្ឋាភិបាលលោកខាងលិច និងក្រុមសិទ្ធិមនុស្សក៏រិះគន់ផងដែរ ហើយសហភាពអឺរ៉ុបក៏មិនទទួលយកលិខិតឆ្លងដែននេះ ជាឯកសារធ្វើដំណើរស្របច្បាប់ដែរ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
