តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំងបណ្ឌិត ហ៊ឺ វីរៈ នាំយកថវិកាចំនួន ១២ ០០០ ដុល្លាររបស់សប្បុរសជន ទៅប្រគល់ជូនមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន
ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា នៅថ្ងៃទី៦ ខែមីនានេះឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ឆ្នាំង តំណាងសមាគមឱសថការីខ្មែរ នៅប្រទេសបារាំង Nexty Pharm និងឯកឧត្ដម សុះ ស៊បអ៊ី អនុរដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណារដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយសហការី កាលពីព្រឹកថ្ងៃទី៦ ខែមីនា បាននាំយកថវិកាចំនួន ១២ ០០០ ដុល្លារអាមេរិកដែលទទួលបានពី សប្បុរសជន ក្នុងកម្មវិធីរាត្រីសមោសរសប្បុរសធម៌នាពេលកន្លងមក ទៅប្រគល់ជូនមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ស្ថិតនៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។

កម្មវិធីរាត្រីសមោសរសប្បុរសធម៌នោះ បានរៀបចំឡើងក្រោមកិច្ចសហការរវាង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមួយសមាគមឱសថការីខ្មែរ នៅប្រទេសបារាំង ដោយប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅសារមន្ទីរជាតិ រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតាមក្រសួង-ស្ថាប័នមួយចំនួន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើន។

ប្រភពដដែលបញ្ជាក់ថាកម្មវិធីរាត្រីសមោសរសប្បុរសធម៌ប្រារព្ធឡើងក្នុងគោលបំណងស្វែងរកថវិកាឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយក្នុងនោះបានឧបត្ថម្ភទៅដល់មន្ទីរពេទ្យចំនួនបី ក្នុងនេះ៖១.មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ចំនួន ៣៦,០០០ ដុល្លារ,២.មន្ទីរពេទ្យកុមារអង្គរ ចំនួន ១២,០០០ ដុល្លារ និង៣.មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ចំនួន ១២,០០០ ដុល្លារ។

ក្នុងឱកាសប្រគល់ថវិកា ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងបរទេស និងក្រុមគ្រូពេទ្យខ្មែរ ដែលបានលះបង់កម្លាំងកាយ ចិត្តចូលរួមព្យាបាល និងជួយសង្គ្រោះអាយុជីវិតកុមារ ដែលមានជំងឺជាច្រើននាក់ក្នុងមួយឆ្នាំៗ។ ឯកឧត្តមតំណាងរាស្រ្តបានបញ្ជាក់បន្ថែមថាក្រសួងនឹងរៀបចំព្រឹត្តិការណ៍សប្បុរសធម៌បែបនេះបន្តទៀតដើម្បីអំពាវនាវស្វែងរកថវិកាជួយទៅដល់មន្ទីរកុមារដែលមានការខ្វះខាតផ្សេងៗទៀត ក្នុងប្រទេសកម្ពុជា។
គប្បីជម្រាបជូនថា នៅចុងឆ្នាំ២០២៥នេះ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុននឹងបើកដំណើរការមន្ទីរពេទ្យថ្មី មួយបន្ថែមទៀត ដើម្បីផ្តល់សេវាព្យាបាលជំងឺមហារីកកុមារ ដោយឥតគិតថ្លៃ ក្នុងបរិវេណមន្ទីរពេទ្យជ័យជម្នះ ដែលមានទីតាំស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល៕
ដោយ៖មុនី
រូបថត៖ក្រសួងវប្បធម៌
