មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋដែលនេសាទខុស             

អត្ថបទដោយ៖
Kimsean Sok

កំពង់ឆ្នាំង៖ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធ៌មនិង ក្រុមការងារយេនឌ័ររបស់អង្គភាព លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង  លោកមេឃុំផ្លូវទូកក្នុងសប្ដាហ៍នេះបាន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រកបរបរនេសាទខុសច្បាប់ នៅឃុំផ្លូវទូក ស្រុកកំពង់លែង ឱ្យងាកមកធ្វើស្រែចម្ការ និងធ្វើនេសាទស្របតាមច្បាប់វិញ។
 
សូមជម្រាបថា ប្រជាពលរដ្ឋរស់នៅក្នុងឃុំផ្លូវទូក ភាគច្រើនធ្វើស្រែប្រាំង និងការនេសាទ។ក្នុងនោះមានប្រជាពលរដ្ឋចំនួន
១០គ្រួសារបានសន្យា និងប្តេជ្ញាឈប់ធ្វើការនេសាទខុសច្បាប់ ប៉ុន្តែពួកគាត់បានសំណូមពរសុំដីសម្រាប់ធ្វើស្រែនិងបង្កបង្កើនផល ព្រោះពួកគាត់សព្វថ្ងៃមានតែដីលំនៅឋានដែលកំពុងរស់នៅ និងប្រកបរបរនេសាទ តែប៉ុណ្ណោះ ។

របាយការណ៍លោក ប៉ាត់ គន មេឃុំផ្លូវទូកបានឱ្យដឹងថា ប្រជាពលរដ្ឋទាំង១០គ្រួសារខាងលើនេះពិតជាពុំមានដីសម្រាប់ ធ្វើស្រែចម្ការពិតប្រាកដមែន ។

ក្នុងឱកាសនេះលោកមេបញ្ជាការបានសំណូមពរដល់ អាជ្ញាធរ ឃុំ ស្រុក ជួយពិនិត្យ និងស្នើសុំទៅថ្នាក់លើដើម្បីផ្តល់ដីជូនដល់ បងប្អូនទាំង១០គ្រួសារសម្រាប់ធ្វើស្រែចម្ការនិងបង្កបង្កើនផលបន្ទាប់ពីពួកគាត់បានប្តេជ្ញាចិត្តឈប់ប្រកបរបរនេសាទខុសច្បាប់។
      
ក្នុងឱកាសនេះឯកឧត្តមក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ប្រជាពលរដ្ឋ ទាំង១០គ្រួសារមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ មុង១០ និង ថវិកាមួយចំនួន។

ដោយឡែកក៏បានទុកស្បៀងដល់លោកមេឃុំផ្លូវទូក សម្រាប់ទុកដោះស្រាយ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកជីវភាព មាន៖ អង្ករ ១២៥គីឡូក្រាម ស័ង្កសី១០០សន្លឹក មី៥កេះ ត្រីខ៥យួរ ទឹកត្រី៥យួរ និងទឹកស៊ីអ៊ីវ៥យួរ៕

ដោយ៖សុខ គឹមសៀន

ads banner