លោក Trump ឈប់ចែករំលែកការណ៍សម្ងាត់របស់រុស្ស៊ីទៅឲ្យអ៊ុយក្រែន

វ៉ាស៊ីនតោន ៖ ការគាំទ្ររបស់អាមេរិកដល់អ៊ុយក្រែនទៅថ្ងៃអនាគត កំពុងស្ថិតក្នុងភាពស្រពិចស្រពិល បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បានប្រកាសនៅថ្ងៃពុធថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចិត្តបញ្ឈប់ការចែករំលែកព័ត៌មានសម្ងាត់អំពីរុស្ស៊ីជាមួយអ៊ុយក្រែន។

ជាមួយគ្នានេះ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក John Ratcliffe ក៏បានទទួលស្គាល់ផងដែរថា សហរដ្ឋអាមេរិកបានផ្អាកការចែករំលែកការស៊ើបការណ៍សម្ងាត់ជាមួយអ៊ុយក្រែន បន្ទាប់ពីមានសង្រ្គាមពាក្យសម្ដីរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី។

មេដឹកនាំអាមេរិក និងអ៊ុយក្រែនបានប៉ះសម្ដីគ្នាខ្លាំងនៅឯសេតវិមានកាលពីសប្ដាហ៍មុន ហើយនៅដើមសប្ដាហ៍នេះលោក ត្រាំ ក៏ទើបតែបានបញ្ជាឱ្យផ្តាច់ជំនួយយោធាសម្រាប់អ៊ុយក្រែន។

លោក Ratcliffe បានប្រាប់ទូរទស្សន៍ Fox News ថា លោកប្រធានាធិបតី ត្រាំ មានចម្ងល់ជាក់ស្ដែងមួយថាតើលោកប្រធានាធិបតី ហ្សេលេនស្គី ពិតជាមានការប្ដេជ្ញាចិត្តចំពោះដំណើរការស្វែងរកសន្តិភាពឬក៏យ៉ាងណា។

ប៉ុន្តែការផ្អាកការផ្ដល់ជំនួយយោធា និងការស៊ើបការណ៍សម្ងាត់ គឺគ្រាន់តែធ្វើឡើងជាបណ្ដោះអាសន្នប៉ុណ្ណោះ ដោយរង់ចាំមើលថាតើភាគីអ៊ុយក្រែនមានចិត្តចង់បញ្ចប់ជម្លោះជាមួយរុស្ស៊ីដែរឬក៏អត់។

ដោយសារតែព័ត៌មានចារកម្មពីអាមេរិក ទើបអ៊ុយក្រែនអាចរៀបផែនការវាយលុកប្រឆាំងកងកម្លាំងរុស្ស៊ីបាន ហើយជួយឲ្យទីក្រុងកៀវត្រៀមខ្លួន និង ទប់ទល់បានល្អ ចំពោះការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីលរុស្ស៊ី។

បើតាមការអះអាងរបស់លោក Mick Mulroy ដែលជាអតីតជំនួយការអនុរដ្ឋមន្ត្រីការពារជាតិអាមេរិក និងជាមន្ត្រី CIA ចូលនិវត្តន៍ បានប្រាប់ BBC ថា បើគ្មានការណ៍សម្ងាត់របស់អាមេរិកទេនោះ គឺប្រៀបដូចការបើកដៃឱ្យរុស្ស៊ីជំរុញកិច្ចខិតខំប្រឹងប្រែងកាត់យកទឹកដីអ៊ុយក្រែនបន្ថែមទៀត ហើយដកខ្លួនឆ្ងាយពីតុចរចាបញ្ចប់សង្គ្រាម៕

ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner