អ្នកការទូតនូវែលហ្សេឡង់ជ្រុះតំណែងភ្លាមៗ ក្រោយរម្លឹកពីសង្គ្រាមលោក ភ្ជាប់នឹង Trump
បរទេស៖ ឧត្តមស្នងការ ប្រទេសនូវែលសេឡង់ ប្រចាំចក្រភពអង់គ្លេស បានអស់តំណែងភ្លាមៗ ក្រោយពីបាននិយាយពីរឿងសង្គ្រាមលោក ជំនាន់ពួកណាស៊ី អាល្លឺម៉ង់ ផ្សារភ្ជាប់ជាមួយនឹងប្រធានាធិបតីអាមេរិក លោក Donald Trump។
ទីភ្នាក់ងារព័ត៌មាន Yahoo បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះថា មន្ត្រីការទូតជាន់ខ្ពស់ របស់ខ្លួន Phil Goff វ័យ៧១ឆ្នាំ បានចោទសួរ អំពីប្រវត្តិរបស់លោក Trump នៅក្នុងវេទិកាមួយ ក្នុងទីក្រុងឡុងដ៍ ដោយរិះគន់លោក Trump ថា ឡើងមកធ្វើប្រធានាធិបតី ដើម្បីចង់មានទំនាក់ទំនងល្អ ជាមួយមេដឹកនាំរុស្ស៊ី លោក Putin ហើយថា ជាសកម្មភាពបែបនេះ ធ្លាប់បានអនុវត្ត ពីសំណាក់អតីតមេដឹកនាំសម័យសង្គ្រាមរបស់ចក្រភពអង់គ្លេស លោក Winston Churchill ដែលបានប្រយុទ្ធនឹងពួកណាស៊ីអាល្លឺម៉ង់។
លោក បានសួរថា «លោកប្រធានាធិបតី Trump បានស្ដារឡើងវិញនូវគំនិត របស់ Churchill យកទៅប្រើ នៅសេតវិមាន ប៉ុន្តែ តើអ្នកគិតថា គាត់ពិតជាយល់អំពីប្រវត្តិសាស្ត្រ មែនទេ?
ក្រោយការលើកឡើងនេះ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters បានបង្ហាញពីការខកចិត្តយ៉ាងខ្លាំង ចំពោះការសួរសំណួរបែបនេះ ហើយក៏សម្រេចចិត្តផ្លាស់ប្តូរទូឧត្តមស្នងការ។ លោកបញ្ជាក់ថា នេះគឺជាទស្សនផ្ទាល់ខ្លួន មិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់រដ្ឋាភិបាលនូវែលហ្សេឡង់ នោះទេ។
លោក ឧត្តមស្នងការ Goff មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំបកស្រាយ ពី Reuters នៅឡើយទេ ជុំវិញរឿងអស់តំណែងនេះ។ លោកធ្លាប់ធ្វើជារដ្ឋមន្ត្រីការបរទេស និងជាតំណាងរាស្រ្ត ក្នុងគណបក្សការងារកណ្តាលឆ្វេង កាលពីឆ្នាំ២០២៣ ខណៈដែលបច្ចុប្បន្ន ក្រុមចម្រុះស្តាំនិយម កំពុងគ្រប់គ្រងប្រទេស នូវែលសេឡង់៕
ប្រភពពី Yahoo ប្រែសម្រួល៖ សារ៉ាត