ក្រសួងវប្បធម៌ ឱ្យបញ្ឈប់ផ្សព្វផ្សាយពីការយក ពិធីបូជាព្រះសិវលិង្គ ទៅប្រារព្ធក្នុងពិធីអាពាហ៍ពិពាហ៍ ដែលប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ
(ភ្នំពេញ)៖ កាលពីថ្មីៗនេះ ក្រសួង បានពិនិត្យឃើញមានគេហទំព័រហ្វេសប៊ុកមួយចំនួនកំពុងផ្សព្វផ្សាយអំពីការយក «ពិធីបូជាព្រះសិវលិង្គ» ទៅប្រារព្ធក្នុងពិធីអាពាហ៍ពិពាហ៍ ដែលប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ។នេះបើតាមការលើកឡើងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។
ជាមួយគ្នានេះក្រសួងវប្បធម៌ក៏បានបញ្ជាក់ឱ្យដឹងដែរថា សម្រាប់ពិធីបូជាព្រះសិវលិង្គ ជាកិច្ចពិធីដ៏សំខាន់មួយសម្រាប់ព្រះមហាក្សត្រនាសម័យបុរាណ។ ជាទូទៅគេធ្វើ នៅក្នុងតួប៉ម នាចំណុចកណ្តាលនៃប្រាសាទដែលជាមណ្ឌលនៃទេព ឬនៅតាមទីតាំងផ្សេងទៀតដែលមានជំនឿ លើព្រះឥសូរ។
ក្នុងបរិបទព្រហ្មញ្ញសាសនា ព្រាហ្មណ៍ដែលមានឋានៈខ្ពង់ខ្ពស់ ជាអ្នករៀបចំកិច្ចពិធីនេះ ដោយគេ ធ្វើក្នុងន័យគោរពបូជាថ្វាយព្រះសិវលិង្គ ដើម្បីភ្ជាប់ខ្លួនទៅនឹងទេព ជម្រះមន្ទិល ប្រាថ្នាទទួលបាននូវថាមពល និងសេចក្តីចម្រើនពីព្រះឥសូរ ។
ក្រសួងបានធ្វើការពន្យល់ថា ដោយឡែក ពិធីអាពាហ៍ពិពាហ៍ ជាពិធីដ៏មង្គលមួយដែលរៀបចំផ្សំផ្គុំ កូនប្រុស កូនស្រី ឱ្យក្លាយជាគូ ស្វាមីភរិយា ។ ពិធីនេះមានកិច្ចច្រើន ក្នុងនោះមានកិច្ចមួយចំនួនអាចទទួលឥទ្ធិពលពីព្រហ្មញ្ញសាសនា តួយ៉ាង ដូចជាពិធីបង្វិលពពិលជាដើម ដែលគេយល់ថា ពពិល ទំនងជានិមិត្តរូបនៃព្រះឥសូរ និងនាងឧមា។ អ្នកស្រុក ភាគច្រើនយកទៀន តំណាងជាលិង្គព្រះឥសូរ និងយកស្លឹកម្លូ ឬសន្លឹកពពិលជាយោនីនាងឧមា ដែលប្រារព្ធឡើង ក្នុងគោលបំណងឱ្យគូស្វាមីភរិយាថ្មី កើតកាលវាលគុម្ព ជាកូន ជាចៅ សុខចម្រើនតរៀងទៅ ។
ក្នុងសេចក្តិអំពាវនាវនេះក្រសួងបានលើកឡើងដែរថា”កិច្ចពិធីបូជាព្រះសិវលិង្គនេះ ពុំមានភស្តុតាងណាមួយនៃប្រវត្តិសាស្ត្រ ដែលធ្វើជាកិច្ចក្នុងពិធីអាពាហ៍ពិពាហ៍ នៅក្នុងប្រទេសកម្ពុជា ហើយពិធីនេះមិននាំមកសិរីមង្គលដល់គូស្វាមីភរិយាថ្មីឡើយ” ។
ជាមួយគ្នានេះក្រសួងវប្បធម៌ បានអំពាវនាវដល់សាធារណជន ជាពិសេស លោកអាចារ្យ រៀបចំពិធីមង្គលការ និងម្ចាស់សំអាងការ សូមកុំបន្តយកកិច្ចពិធីនេះមកប្រារព្ធក្នុងពិធីរៀបអាពាហ៍ពិពាហ៍បន្តទៀត ដើម្បីចៀសវាងការអនុវត្តខុស ប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ ៕
ដោយ ៖ ម៉ាដេប៉ូ