បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រារព្ធទិវាអន្តរជាតិនារី៨មីនា

កំពង់ធំ៖នៅទីបញ្ជាការដ្ឋាននាឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ ប្រតិបត្តិការសឹករង និងលោកស្រី នួន វិធាវី កាលពីព្រឹកថ្ងៃទី៦ ខែមីនា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវានារី​អន្តរជាតិ ៨មីនាខួបលើកទី១១៤ ដោយមានការអញ្ជើញ​ចូល​រួម​ពីយោធិននារីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង​កំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំសមាគមនារីស្រុក ឃុំ ភូមិ ជាង ២០០នាក់ ។

ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែង​នូវការកោតសរសើរចំពោះយោធិននារីគ្រប់រូប នៃបញ្ជាការ​ដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំ​នារីគ្រប់រូបនៅស្រុកសណ្ដាន់ និងនៅឃុំដងកាំបិត ដែល​បានលះបង់ដ៏អស្ចារ្យក្នុងការថែរក្សាក្រុមគ្រួសារ និងការងារ ភាពឆ្លាតវៃ និងជំនាញដឹកនាំ។ នៅក្នុងវិស័យជំនួញ នយោ​បាយ និងអប់រំ ស្រ្តីបានបង្ហាញពីសមត្ថភាពដឹកនាំយ៉ាងល្អ ការច្នៃប្រឌិតនិងការលើកតម្កើងវប្បធម៌។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដល់ស្រ្តី​ទាំងអស់​ដែលបានចូលរួមអភិវឌ្ឍសង្គម និងជំរុញភាព​ស្មើ​ភាពយេនឌ័រ សកម្មភាពរបស់ស្រ្តីក្នុងសង្គមការរក្សាសិទ្ធិ និងភាពស្មើភាព៕
ដោយ៖ ប៊ុន រដ្ឋា

ads banner