ចិន និងអាមេរិកប្រកាសច្បាំងសង្គ្រាមគ្រប់ប្រភេទជាមួយគ្នា
ប៉េកាំង ៖ ចិនព្រមានធ្ងន់ៗទៅកាន់សហរដ្ឋអាមេរិកថា ទីក្រុងប៉េកាំងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រយុទ្ធប្រឆាំងគ្រប់ប្រភេទសង្គ្រាម ក្រោយចិនដាក់ពន្ធសងសឹកការដំឡើងពន្ធពាណិជ្ជកម្មរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
ផ្អែកតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកាលពីថ្ងៃអង្គារ ស្ថានទូតចិនបានបង្ហោះសារនៅលើវេទិការ X ថា ប្រសិនបើសង្រ្គាមគឺជាអ្វីដែលសហរដ្ឋអាមេរិកចង់បាន ដូច្នេះកុំថាឡើយសង្គ្រាមពន្ធ សង្គ្រាមពាណិជ្ជកម្ម ឬសង្គ្រាមប្រភេទណាក៏ដោយឲ្យតែអាមេរិកចង់ ចិនកំដបានជានិច្ច ហើយនឹងប្រយុទ្ធដល់ទីបញ្ចប់។
ឆ្លើយតបសារគំរាមរបស់ចិននេះ សហរដ្ឋអាមេរិកក៏បានប្រកាសត្រៀមខ្លួនរួចរាល់ហើយដែរ ដើម្បីកំដរចិនប្រលែងលេងភ្លើងសង្គ្រាម។ ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន RT រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានប្រាប់ទូរទស្សន៍ Fox News ថា យើងត្រៀមខ្លួនរួចរាល់អស់ហើយ។ អ្នកដែលចង់បានសន្តិភាព ត្រូវតែត្រៀមលក្ខណៈច្បាំងសង្គ្រាម។
ប្រមុខការពារជាតិអាមេរិករូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា យើងរស់នៅក្នុងពិភពលោកដ៏គ្រោះថ្នាក់ជាមួយនឹងប្រទេសអំណាច ដែលមានមនោគមវិជ្ជាខុសគ្នាទាំងស្រុង។ ពួកគេកំពុងបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងឆាប់រហ័ស និងធ្វើទំនើបកម្មវិស័យបច្ចេកវិទ្យា ពួកគេចង់កាត់មុខអាមេរិក។ ការរក្សាកម្លាំងយោធា គឺជាកូនសោដើម្បីបញ្ចៀសជម្លោះ។ ប្រសិនបើយើងចង់កំញើញសង្គ្រាមជាមួយចិន ឬប្រទេសដទៃ យើងត្រូវតែមានភាពរឹងមាំ។
គួរបញ្ជាក់ថា មហាអំណាចសេដ្ឋកិច្ចកំពូលទាំងពីររបស់ពិភពលោកបានខិតកាន់តែកៀកទៅនឹងសង្រ្គាមពាណិជ្ជកម្ម បន្ទាប់ពីលោកប្រធានាធិបតី ត្រាំ បានដាក់ពន្ធបន្ថែមលើទំនិញទាំងអស់របស់ចិន។ ចិនបានសងសឹកវិញភ្លាមៗ ដោយដាក់ពន្ធពី ១០% ទៅ ១៥% លើផលិតផលកសិកម្មចម្រុះរបស់អាមេរិក៕
ប្រភព ៖ BBC និង RT ប្រែសម្រួល ៖ ឈឹម ទីណា
