ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអនុញ្ញាតជូនលោក Jojo Flores សហស្ថាបនិកក្រុមហ៊ុន Plug and Play LLC ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតជូនលោក Jojo Flores សហស្ថាបនិកក្រុមហ៊ុន Plug and Play LLC និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូន លោក Jojo Flores និងសហការី អំពីសមិទ្ធផលនាពេលកន្លងមករបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ការធ្វើបរិវត្តកម្មឌីជីថលរដ្ឋាភិបាលឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ក៏ដូចជាការចូលរួមចំណែករបស់ក្រសួងក្នុងការលើកកម្ពស់និងជំរុញធុរៈកិច្ចថ្មីឌីជីថលនៅកម្ពុជា។

លោក Jojo Flores សហស្ថាបនិកក្រុមហ៊ុន Plug and Play LLC បានថ្លែងកោតសរសើរពីសមិទ្ធផលនានារបស់ក្រសួង ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស និងការជួយជ្រោមជ្រែងធុរៈកិច្ចថ្មី ដែលនឹងក្លាយជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី និងលោក Jojo Flores បានបង្ហាញឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

សូមជម្រាបជូនថា ក្រុមហ៊ុន Plug and Play LLC មានមូលដ្ឋាននៅតំបន់ Silicon Valley នៃសហរដ្ឋអាម៉េរិក និងជាក្រុមហ៊ុនអភិវឌ្ឍន៍ធុរកិច្ចថ្មីនិងនវានុវត្តន៍សកល។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមានដៃគូសហប្រតិបត្តិការជាមួយក្រុមហ៊ុនឯកជនជាង ៥៥០ ក្រុមហ៊ុន និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលនិងស្ថាប័នសាធារណៈជាង ៥០ ស្ថាប័ន នៅលើពិភពលោក។ ក្រុមហ៊ុន Plug and Play មានធុរកិច្ចថ្មីប្រមាណ ៨០ ០០០ ក្នុងបណ្តាញរបស់ខ្លួន ព្រមទាំងបានវិនិយោគលើធុរកិច្ចថ្មីចំនួន ១ ៦០០ និងបន្តវិនិយោគលើធុរកិច្ចថ្មីចំនួន ២៥០ បន្ថែមជារៀងរាល់ឆ្នាំ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner