រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ NEP សំដៅបង្កើនឱកាសការងារសមរម្យជូនដល់ប្រជាពលរដ្ឋកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម សោម ចំណាន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ NEP សំដៅបង្កើនឱកាសការងារសមរម្យជូនដល់ប្រជាពលរដ្ឋកម្ពុជា និងលើកកម្ពស់ផលិតភាពការងារ ជំរុញការអភិវឌ្ឍជំនាញនិងធនធានមនុស្ស ព្រមទាំងពង្រឹងអភិបាលកិច្ចទីផ្សារការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការផ្លាស់ប្តូរនៃនិម្មាបនកម្មសេដ្ឋកិច្ចទាំងក្នុងប្រទេស តំបន់ និងសកលលោក។ គោលនយោបាយ NEP មានចក្ខុវិស័យលើកតម្កើងជីវភាព ភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ភាពសុខដុមរមនាសង្គម តាមរយៈការបង្កើតឱកាសការងារសមរម្យនិងមានផលិតភាពការងារខ្ពស់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបប្រកបដោយសមធម៌។

ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ក្រោមជាតិដើម្បីវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ (NEP) ដោយមានការចូលរួមពី តំណាងរដ្ឋបាលខេត្តពាក់ព័ន្ធ និងអ្នកជំនាញជាន់ខ្ពស់ខាងមុខរបរ និងការងារ នៃអង្គការអន្តរជាតិខាងការងារ  (ILO) ដែលជាសមាជិកគណៈកម្មការខេត្តសម្រាប់អនុវត្តគោលនយោបាយ NEP ផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេលដប់ឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានធ្វើពិពិធកម្ម ដែលនាំទៅដល់ការបង្កើតការងារជាច្រើននៅក្នុងវិស័យឧស្សាហកម្ម។ គំនិតផ្តួចផ្តើមដើម្បីកែលម្អការអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបំពាក់កម្លាំងពលកម្មរបស់កម្ពុជាជាមួយនឹងជំនាញ ដែលឆ្លើយតបនឹងតម្រូវការដែលកំពុងវិវត្តនៃទីផ្សារការងារ។ ជាងនេះទៅទៀត ការពង្រឹងស្ថាប័នទីផ្សារការងារបានជំរុញបរិយាកាសការងារប្រកបដោយសមធម៌ និងប្រសិទ្ធភាព ។

អង្គសិក្ខាសាលាបានធ្វើការវិភាគស៊ីជម្រៅ ចែករំលែកទិន្នន័យ និងវាយតម្លៃពីផលប៉ះពាល់ជាក់ស្តែងនៃការអនុវត្តគោលនយោបាយ NEP នៅក្នុងមួយទសវត្សរ៍កន្លងមក។ នេះជាជំហានដ៏សំខាន់មួយក្នុងការតាក់តែងគោលនយោបាយ NEP ឆ្នាំ២០២៦-២០៣៥ ដើម្បីធានាបានថាគោលនយោបាយ NEP ថ្មីនេះ នឹងកាន់តែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព និងបរិយាបន្ន របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner