រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានអារម្មណ៍ក្តុកក្តួល ខណៈរំលឹកដល់គុណតម្លៃស្រ្តីជាម្តាយ ជាមាតាពិភពលោក នៅក្នុងថ្ងៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង ខណៈរំលឹកដល់ការលំបាក និងបញ្ហាប្រឈមរបស់ស្រ្តីកម្ពុជារាប់លាននាក់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងជម្នះនូវរាល់ ឧបសគ្គ ដើម្បីការពារប្រជាពលរដ្ឋកម្ពុជា ការពារកូនៗ និងក្រុមគ្រួសារ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍជាតិមាតុភូមិ ។

ការថ្លែងកោតសរសើរ និងដឹងគុណជូនចំពោះថ្នាក់ដឹកនាំស្រ្តី មន្រ្តីរាជការជាស្រ្តីនៃក្រសួងបរិស្ថាន និងស្រ្តីគ្រប់រូបដែលជាម្តាយ ជាបងស្រី និងជាប្អូនស្រី របស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» នាថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

នៅពីក្រោយមូលហេតុនៃភាពក្តុកក្តួលនេះ គឺការរំលឹកនឹកគុណទៅដល់អ្នកម្តាយរបស់ឯកឧត្តមរដ្ឋមន្រ្តី ដែលលោកបានលះបង់នូវកម្លាំងកាយ ពុះពារតស៊ូគ្រប់ឧបសគ្គ ដើម្បីចិញ្ចឹមបីបាច់កូនទាំង៥តែម្នាក់ឯង រហូតកូនប្រុសបន្ទាប់ពៅ គឺឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ទទួលបានតួនាទី ជារដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលនេះហើយ ជាសមិទ្ធផលកើតចេញពីកម្លាំងរបស់ស្រ្តី និងអ្នកម្តាយជាស្រ្តីម៉េម៉ាយ ដោយរបបអាវខ្មៅ ប៉ុលពត។

បទពិសោធន៍ជីវិតប្រៀបដូចជារឿងនិទាន ដែលវាគ្មិនស្រ្តីឆ្នើមទាំង ៥រូប បានចែករំលែកជាមួយមន្រ្តីរាជការជាស្រ្តីនៃក្រសួងបរិស្ថាន ធ្វើឱ្យឯកឧត្តមរដ្ឋមន្រ្តីស្ទើរទប់ទឹកភ្នែកមិនជាប់ នៅចំពោះមុខលោកជំទាវ ជា សុផាកន្នីជាភរិយា និងជាប្រធានកិត្តយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងថ្នាក់ដឹកនាំ រួមទាំងមន្រ្តីរាជការនៃក្រសួងបរិស្ថាន។

លើសពីការទទួលស្គាល់ចំពោះគុណតម្លៃ និងស្នាដៃរបស់ស្រ្តី នៅក្នុងសង្គមកម្ពុជា លើគ្រប់វិស័យ មានទាំងស្ថាប័នរដ្ឋ ឯកជន និងស្រ្តីមេផ្ទះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានបង្ករបរិយាកាសងាយស្រួលដល់ស្រ្តី និងកុមារីឱ្យបានរួមចំណែកនៅក្នុងភាពស្អាត ភាពបៃតង និងចីរភាព ដោយក្នុងនោះរដ្ឋមន្រ្តីក្រសួងបរិស្ថានបានជំរុញ និងលើកទឹកចិត្តដល់ស្រ្តី តាមរយៈការដាក់ចេញគោលដៅលំហែបៃតង នៅតាមតំបន់ការពារធម្មជាតិ ក្នុងគោលបំណងជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ ដើម្បីផ្តល់សិទ្ធអំណាច និងភាពអង់អាចដល់ស្រ្តី សមស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner