អគ្គលេខាធិការអាស៊ាន កោតសរសើរ សមិទ្ធផលសម្រេចបានរបស់ អ.វ.ត.ក. ក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការផ្សះផ្សាជាតិក្រោយជម្លោះ និងការរួមចំណែកដល់ការថែរក្សាសន្ដិភាពយូរអង្វែង
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដើម្បីស្វែងយល់អំពីដំណើរការអនុវត្តមុខងារសេសសល់ និងសមិទ្ធផលសម្រេចបានរបស់ អ.វ.ត.ក. ក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ និងការផ្សះផ្សាជាតិ ក្រោយជម្លោះ និងការរួមចំណែកដល់ការថែរក្សាសន្ដិភាពយូរអង្វែង។

ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី ជាប្រធានរដ្ឋបាលស្ដីទី ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ អ.វ.ត.ក. បានទទួលស្វាមគមន៍យ៉ាងកក់ក្ដៅចំពោះការអញ្ជើញមកដល់របស់ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាននេះ។ ជាមួយគ្នានេះផងដែរ ប្រតិភូទាំងពីរក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ និងថ្នាក់តំបន់ក្នុងកិច្ចការផ្សព្វផ្សាយព័ត៌មាន និងការចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការរួមចំណែកដល់ដំណើរការកសាងសន្ដិភាព ការផ្សះផ្សា និងការអភិវឌ្ឍន៍ប្រទេសក្រោយជម្លោះដែលកើតមានឡើងនៅក្នុងតំបន់អាស៊ាន។

ឯកឧត្តម ក្រាញ់ តូនី បានមានប្រសាសន៍ថា “ការធ្វើដំណើររបស់កម្ពុជាសម្រាប់យុត្តិធម៌អន្ដរកាល គឺជាមេរៀនដ៏សំខាន់សម្រាប់ប្រទេសនានាក្នុងតំបន់។ ជាការពិតណាស់ បទពិសោធន៍របស់យើងក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងដោះស្រាយបញ្ហាក្រោយជម្លោះកន្លងមក មិនត្រឹមតែរួមចំណែកក្នុងការផ្សះផ្សាតាមមូលដ្ឋានរបស់យើងប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអាស៊ានឱ្យកាន់តែមានភាពរឹងមាំ និងស្អិតរមួតបន្ថែមទៀតនាពេលអនាគត។

បន្ទាប់ពីកិច្ចពិភាក្សា គណៈប្រតិភូអាស៊ាន ក៏បានអញ្ជើញទស្សនាសាលពហុបំណង បណ្ណាល័យ និងបណ្ណសារដ្ឋាន ដែល អ.វ.ត.ក. បានប្រើប្រាស់សម្រាប់រៀបចំទុកដាក់ និងផ្សព្វផ្សាយកេរដំណែលរបស់ អ.វ.ត.ក. ដល់សាធារណជនផងដែរ ។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានកោតចំពោះសមិទ្ធផលរបស់ អ.វ.ត.ក. ដែលកំពុងសម្រេចបាន។ ឯកឧត្តមលើកឡើងថា ដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. បានបន្សល់ទុកនូវកេរដំណែលដ៏សំខាន់ និងមានគុណតម្លៃខ្ពស់ក្នុងការថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិ និងយុត្តិធម៌ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ ។

ឯកឧត្តមបណ្ឌិត កៅ គឹម ហួន មានប្រសាសន៍ថា “វាពិតជាមានកិត្ដិយសណាស់សម្រាប់ខ្ញុំមកកាន់មជ្ឈមណ្ឌលធនធានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃនេះ។
អ.វ.ត.ក. ឈរជាសក្ខីភាពនៃយុត្តិធម៌ គណនេយ្យភាព និងការស្វែងរកការពិត និងការផ្សះផ្សាជាតិ ដែលទាំងអស់នេះគឺជាគោលការណ៍ទាំងអស់ ឆ្លើយតបនឹងការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះសន្តិភាព សិទ្ធិមនុស្ស និងវិធាននៃច្បាប់។ សូមឲ្យកេរដំណែលនេះបន្តបំផុសគំនិតមនុស្សជំនាន់ក្រោយក្នុងការជំរុញការផ្សះផ្សា និងយុត្តិធម៌នៅទូទាំងតំបន់អាស៊ានរបស់យើង។”
ក្នុងដំណើរទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាននេះផងដែរ ឯកឧត្តមបណ្ឌិត ក៏បានជួបប្រជុំជាមួយ លោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងបានផ្លាស់ប្តូរបទពិសោធន៍ នៃការងារទាក់ទងនឹងយុត្តិធម៌អន្តរកាលរបស់កម្ពុជា៕
ដោយ ៖ ង៉ាន់ ទិត្យ
