វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយវិស័យឯកជន
បន្ទាយមានជ័យ៖វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នៅសាលប្រជុំសាលាក្រុងប៉ោយប៉ែតបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយវិស័យឯកជន ក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកស្រី សំរិទ្ធ សូរ្យជាតិ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត លោក លោកស្រី អាជ្ញាធរក្រុង និងតំណាងក្រុមហ៊ុន សហគ្រាស ។

លោក ចៃ សំខាន់ អនុប្រធានការិយាល័យទីផ្សារនិងទំនាក់នង បានធ្វើបទបង្ហាញស្ដីពីគម្រោងបញ្ចប់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរវាងវិទ្យាស្ថានដោយផ្តោតទៅលើការបណ្ដុះបណ្ដាលដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងហានិភ័យជាគោលនយោបាយរបស់រាជរដ្ឋាភិបាលចូលទៅរោងចក្រក្រុមហ៊ុន សហគ្រាសតូចធំ។

លោកស្រី សំរិទ្ធ សូរ្យជាតិ បានបញ្ជាក់ថា គោលបំណងចម្បងនៃការពិគ្រោះយោបល់ថ្ងៃនេះគឺដើម្បីកំណត់អត្តសញ្ញាណមុខរបរដែរក្រុមហ៊ុន សហគ្រាស និងឧស្សាហកម្មមានសក្តានុពល ។ពិភាក្សាអំពីឱកាស និងការប្រឈមដែលក្រុមហ៊ុន សហគ្រាសអាចជួបប្រទះនៅពេលដែល វិទ្យាស្ថាន បានបញ្ជូនសិស្ស និស្សិតចុះកម្មសិក្សា រឺចូលបម្រើការងារ។ ក៏ផ្តល់អនុសាសន៍សម្រាប់ការអភិវឌ្ឍន៍មុខរបរ ឬសមត្ថភាពរបស់សិស្ស និស្សិតដែរមាន បញ្ហាប្រឈមនៅជាក់ស្តែងនៅតាមក្រុមហ៊ុន សហគ្រាស។ ជាពិសេសស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ។

ចំណែកលោក យឹម សំណាង អភិបាលរងខេត្ត បានស្នើទៅក្រុមហ៊ុនសហគ្រាសជួយសម្របសម្រួសដល់វិទ្យាស្ថានក្នុងការ ស្វែងរកកន្លែងចុះហាត់ការ និងស្វែងរកការងារដែលសិស្ស ១.៥លាននាក់ ដែលបានបញ្ចប់ការសិក្សាអស់ រយៈពេល៨ខែ និងបន្តយន្តការជួយផ្សព្វផ្សាយបន្ថែមឱ្យកាន់តែទូលំទូលាយក្នុងក្រុមហ៊ុនសហគ្រាស និងត្រូវកំណត់មុខសញ្ញាឱ្យបានច្បាស់លាស់ សម្រាប់សិស្សដែលចង់បន្ថែម សមត្ថភាពជំនាញរបស់ខ្លួន ងាយស្រួលដល់វិទ្យាស្ថានចុះទៅតម្រង់ទិសក្នុងការចុះឈ្មោះចូលរៀន ក្នុងការ បង្កើនសមតិភាពការងាររបស់កម្មករ និយោជិក ៕
ដោយ៖ឃិន គន្ធា

