គិតត្រឹម ខែមករា ឆ្នាំ២០២៥ អ្នកដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានធនាគារ មាន ៥២% និងអ្នកដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មាន ៦៨% ជាស្រ្តី

(ភ្នំពេញ)៖ គិតត្រឹមខែមករា ឆ្នាំ២០២៥ អ្នកខ្ចីពីគ្រឹះស្ថានធនាគារ មានប្រមាណ ៥៤% ជាស្រ្តី និងចំនួនអ្នកខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មាន ៦៤% ជាស្រ្តី ខណៈចំនួនអ្នកដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានធនាគារ មាន ៥២% ជាស្រ្តី និងអ្នកដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មាន ៦៨% ជាស្រ្តី ។ ទាំងនេះ បានបង្ហាញពីសមាមាត្រដែលស្រ្តី បានចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រហាក់ប្រហែលនឹងបុរសដែរ ។

នេះជាការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើក ទី១១៤ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ។

លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងថា ចំពោះប្រធានបទទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំនេះ គឺបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបង្កើតនូវបរិយាកាសមួយឱ្យស្ត្រី និងក្មេងស្រីគ្រប់រូប ទទួលបានសិទ្ធិ និងឱកាសស្មើគ្នាក្នុងសង្គម ។ នេះជាកត្តាសំខាន់សម្រាប់ស្ត្រី និងក្មេងស្រីគ្រប់រូប អាចប្រើប្រាស់សិទ្ធយ៉ាងពេញលេញ ក្នុងការចូលរួម និងការសម្រេចចិត្ត ដែលជាការលើកកម្ពស់ទំនាក់ទំនងស្ត្រីនៅក្នុងសង្គម និងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយចីរភាព និងបរិយាបន្ន ។

លោកជំទាវទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានលើកទឹកចិត្តឱ្យស្ត្រី និងបុរស មានសិទ្ធិ និងឱកាសដូចគ្នា ក្នុងការទទួលបាននូវចំណេះដឹង និងជំនាញបច្ចេកទេសគ្រប់ផ្នែក និងចូលរួមគ្រប់វិស័យ ដែលបច្ចុប្បន្ន ស្ត្រីបានជួយរំលែកបន្ទុកគ្រួសារ សង្គម និងរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេស ការចូលរួមរបស់ស្ត្រីក្នុងការសម្រេចចិត្តផ្នែកនយោបាយ ការងារសង្គម និងសេដ្ឋកិច្ច ដោយសារស្ត្រី មានប្រាជ្ញាស្មារតីតស៊ូអត់ធ្មត់ ដើម្បីការរក្សាសុខសន្តិភាព និងការអភិវឌ្ឍនៅគ្រប់កាលៈទេសៈទាំងអស់ ។

លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងចំពោះប្រព័ន្ធធនាគារថា ធនាគារជាតិនៃកម្ពុជា ក៏មានយុទ្ធសាស្រ្ត ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការចូលរួមសកម្មភាពផ្សេងៗ ។ ជាក់ស្តែងធនាគារជាតិ នៃកម្ពុជា ជានិច្ចកាល តែងតែសហការជាមួយនឹងក្រសួងពាក់ព័ន្ធក្នុងការគាំទ្រ និងបង្កើតកម្មវិធីជាច្រើនសម្រាប់លើកកម្ពស់ស្រ្តី ព្រមទាំងរួមចំណែកជំរុញបរិយាបន្នហិរញ្ញ វត្ថុនៅកម្ពុជា ។ យុទ្ធសាស្រ្តជាតិ ស្ដីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ត្រូវបានដាក់ចេញ ដើម្បីលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ ការបញ្ចូលអក្ខរកម្មហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីសិក្សាទូទៅ និងការលើកទឹកចិត្តឱ្យប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលជាដើម ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner