ចិនសាកល្បងដំណើរការរថភ្លើងល្បឿនលឿនបំផុតលើលោក រត់ ៤៥០ គីឡូម៉ែត្រក្នុងមួយម៉ោង

ប៉េកាំង​ ៖ គំរូរថភ្លើងល្បឿនលឿនបំផុតរបស់ពិភពលោក CR450 ដែលមានល្បឿនរហូតដល់ ៤៥០ គីឡូម៉ែត្រក្នុងមួយម៉ោង និងល្បឿនប្រតិបត្តិការ ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង ឥឡូវនេះកំពុងឆ្លងកាត់ការរត់សាកល្បងនៅលើផ្លូវរថភ្លើងក្រវ៉ាត់ក្រុងប៉េកាំង សម្រាប់សេវាកម្មពាណិជ្ជកម្មនាពេលអនាគត។

រថភ្លើងល្បឿនលឿនបំផុតដំបូង CR400 Fuxing របស់ប្រទេសចិន កំពុងដំណើរការនាពេលបច្ចុប្បន្ន មានល្បឿន ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

អនុប្រធានក្រុមហ៊ុនផលិតរថភ្លើង CRRC Corporation Limited លោក Wang Feng និយាយថា រថភ្លើងល្បឿនលឿន CR450 តំណាងឱ្យការលោតផ្លោះគ្រប់ជ្រុងជ្រោយនៅក្នុងទ្រឹស្ដីរថភ្លើងល្បឿនលឿន បច្ចេកវិទ្យា ឧបករណ៍ ស្តង់ដារ និងការគ្រប់គ្រងប្រតិបត្តិការ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Science and Technology Daily ។

លោក Wang បានពន្យល់ថា ដើម្បីឈានដល់ល្បឿនប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមកគឺ ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង វិស្វករបានធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពអូសទាញ ដំណើរការថាមវន្ត និងប្រព័ន្ធ pantograph។

លោក Wang បន្តថា រថភ្លើងនេះប្រើប្រាស់ប្រព័ន្ធអូសទាញមេដែកអចិន្ត្រៃយ៍ប្រើទឹកធ្វើឲ្យម៉ាស៊ីនត្រជាក់, ប៊ូហ្ស៊ីដែលមានស្ថេរភាពខ្ពស់ និងការច្នៃប្រឌិតប្រព័ន្ធជាច្រើន ដើម្បីទ្រទ្រង់ប្រតិបត្តិការដែលមានល្បឿនលឿនរបស់វា។
រីឯសុវត្ថិភាពត្រូវបានពង្រឹងដោយបច្ចេកវិទ្យាគ្រប់គ្រងហ្វ្រាំងគ្រាអាសន្នពហុកម្រិត និងឧបករណ៍ចាប់សញ្ញាត្រួតពិនិត្យជាង ៤.០០០។

លោក Wang បន្ថែមទៀតថា ទាក់ទងនឹងការសន្សំសំចៃថាមពលវិញ ការរចនារថភ្លើងល្បឿននេះឡើងគឺមានភាពបត់បែនខ្ពស់ ដែលជួយដល់ឲ្យវាធន់នឹងសម្ពាធខ្យល់ និងស្រាលជាងរថភ្លើងពីមុន ១០ភាគរយ ហើយធន់ទ្រាំនឹងការរត់ផ្លូវឆ្ងាយបាន ២២ភាគរយ បូករួមបច្ចេកវិទ្យាកាត់បន្ថយសំលេងរំខាន។

មិនតែប៉ុណ្ណោះ ការអាប់ដេតដ៏ឆ្លាតវៃអាចឱ្យរថភ្លើង CR450 ដំណើរការលើសពីរថភ្លើងម៉ូដែលផ្សេងទៀត មានដូចជាផ្នែកប្រតិបត្តិការ និងការគ្រប់គ្រង, អន្តរកម្មអ្នកបើកបរ, ការត្រួតពិនិត្យសុវត្ថិភាព និងសេវាកម្មអ្នកដំណើរ៕

ប្រភព ៖ China Daily ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner