រដ្ឋបាលខេត្តកំពង់ធំបន្តយកចិត្តទុកដាក់លើការងារគ្រប់គ្រងអាជីវកម្ម ហាងបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន
កំពង់ធំ៖ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំបានដឹកនាំក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងអាជីវកម្ម ហាងបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទានក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។កិច្ចប្រជុំបានប្រព្រឹត្តទៅកាលព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
នៅក្នុងឱកាសនេះលោក ងួន រាសី បានរំលឹកថា ដើម្បីធានាដល់ការអនុវត្តការងារគ្រប់គ្រងហាងបញ្ចាំ និងទទួលប្រាតិភោគ ដោយអនុប្បទាន ទទួលបានលទ្ធផលល្អប្រសើរនោះ នៅក្នុងឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីសម្រេចលេខ១៦៩/២៣ សសរ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការបង្កើតក្រុម ការងារចុះពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគ ដោយអនុប្បទាន ក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ។ ក្រុមការងារទាំងអស់មានតួនាទីចុះត្រួតពិនិត្យ អាជ្ញាប័ណ្ណ លិខិតអនុញ្ញាតប្រកប អាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន និងអនុវត្តទៅតាមភារកិច្ចផ្សេងៗដែល បានកំណត់ក្នុងសេចក្តីសម្រេច។
កិច្ចប្រជុំបានដាក់ទិសដៅបន្តក្នុងនោះ គួរផ្សព្វផ្សាយដល់អាជ្ញាធរពាក់ព័ន្ធ និងអាជីវករឱ្យបានយល់ដឹងអំពីនីតិវិធីផ្សេងៗ ពាក់ព័ន្ធ ហាងបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។ ក្រុង/ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធត្រូវធ្វើទិន្នន័យហាងបញ្ចាំឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រង។គួរមានកិច្ចប្រជុំក្រុមការងារគ្រប់គ្រងហាងបញ្ចាំរៀងរាល់ ៣ខែម្តង ដើម្បីតាមដាន និងត្រួតពិនិត្យ ការងារហាងបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។ ករណីចាំបាច់គួរចុះពិនិត្យហាងបញ្ចាំគ្រប់ក្រុង/ស្រុក ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងសូមឱ្យក្រុង/ស្រុក ធ្វើលិខិតអញ្ជើញដល់ហាងបញ្ចាំទាំងអស់ចូលរួមប្រជុំជាមួយរដ្ឋបាលខេត្ត ដើម្បីយល់កាន់ច្បាស់ពីអាជីវកម្មរបស់ពួកគេ៕
ដោយ៖ ប៊ុន រដ្ឋា
