នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំកិច្ចប្រជុំបូកសរុបការងារសមាគមអតីតយុទ្ធជន និងការងារគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ធំ
កំពង់ធំ៖ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។
យោងតាមរបាយការណ៍ស្ដីពីការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ប្រចាំឆ្នាំ២០២៤ និងទិសដៅ ដែលត្រូវអនុវត្តបន្តនៅឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានរំលេចអំពីរចនាសម្ព័ន្ធចាត់តាំងនៃការគ្រប់គ្រងអតីតយុទ្ធជនក្នុងខេត្តកំពង់ធំ និងការដោះស្រាយការលំបាកនានា ជូនបងប្អូនអតីតយុទ្ធជនបានល្អប្រសើរ ក្នុងការងារផ្ដល់ដីសម្បទានសង្គមកិច្ច និងការសាងសង់ផ្ទះថ្មី ដោយបានរៀបចំភូមិសហគមន៍អតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ។
ចំណែកលោក ញឹក បានខេង អភិបាលរងខេត្តបានឱ្យដឹងអំពីស្ថានភាពគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ នាពេលកន្លងមក ដែលបានជួបនូវគ្រោះរាំងស្ងួតផង និងគ្រោះទឹកជំនន់ផង បណ្ដាលឱ្យប៉ះពាល់ខូចខាតដល់ដំណាំស្រូវរបស់ប្រជាជនមួយចំនួន ។
ក្នុងឱកាសនេះឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម បានកោតសរសើរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ខេត្តកំពង់ធំ រួមជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំគ្រប់គ្រងដោះស្រាយបញ្ហគ្រោះមហន្តរាយ ដែលកើតមានឡើងនៅខេត្តកំពង់ធំ បានទាន់ពេលវេលា និងបានជួយដោះស្រាយការលំបាកជូនប្រជាជន ដែលរងប៉ះពាល់ដោយគ្រោះមហន្តរាយនេះ។
ឯកឧត្តម បានកោតសរសើរដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ចបម្រើបងប្អូនអតីតយុទ្ធជនបានល្អប្រសើរ ពិសេសយកចិត្តទុកដាក់ដោះស្រាយជូនបងប្អូនអតីតយុទ្ធជន ដែលជួបការលំបាកជីវភាពប្រចាំថ្ងៃ និងការសហការរៀបចំដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនអតីតយុទ្ធជន បានរស់នៅកសាងជីវភាពថ្មីក្រោមម្លប់សុខសន្តិភាព។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានប្រគល់ភារកិច្ចសំខាន់ៗ ជូនដល់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី ត្រូវបន្តរួមគ្នាក្នុងការគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ ដែលរងគ្រោះដោយគ្រោះមហន្តរាយជូនប្រជាជន និងដោះស្រាយការលំបាកផ្សេងៗ ជូនបងប្អូនអតីតយុទ្ធជននៅខេត្តកំពង់ធំឱ្យបានល្អប្រសើរបន្តទៀត ៕
ដោយ៖ ប៊ុន រដ្ឋា
