ហ្វីលីពីន នឹងធ្វើជាប្រធានប្ដូរវេនអាស៊ាន នៅឆ្នាំ២០២៦ ជំនួសមីយ៉ាន់ម៉ា ដែលកំពុងមានវិបត្តិនយោបាយ

(ភ្នំពេញ)៖ មីយ៉ាន់ម៉ា នឹងត្រូវក្លាយជាប្រធានប្ដូរវេនអាស៊ាន នៅឆ្នាំ២០២៦ តែដោយសារប្រទេសនេះ កំពុងមានវិបត្តិនយោបាយ ទើបសម្រេចផ្ទេរទៅឱ្យប្រទេសហ្វីលីពីនជាប្រធានប្ដូរវេនជំនួស នៅ២០២៦ ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយស នៃវេទិកាសារព័ត៌មាន ស្តីពី ទស្សនាទានរបស់អគ្គលេខាធិការអាស៊ាន លើចក្ខុវិស័យអាស៊ាន ឆ្នាំ២០៤៥ រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា សម្របសម្រួលដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា នៅសណ្ឋាគារសាន់វ៉េ នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ដោយមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួម ៥៦នាក់ មកពី ៣៨ស្ថាប័ន ។

ថ្លែងនៅក្នុងវេទិកាពិភាក្សាសារព័ត៌មាននេះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានមានប្រសាសន៍ថា បញ្ហាប្រទេសមីយ៉ាន់ម៉ា មិនមែនអាស៊ាន មិនធ្វើការនោះទេ តែបញ្ហានោះ គឺប្រទេសនេះ មិនឆ្លើយតបនឹងដំណោះស្រាយដែលអាស៊ានបានដាក់ ដោយរហូតមកដល់ពេលនេះ គឺមានការឆ្លើយតបតិចតួចប៉ុណ្ណោះពីប្រទេសមីយ៉ាន់ម៉ា ចំពោះដំណោះស្រាយ និងមិនសង្ឃឹមថា អាចដោះស្រាយបានចប់ឆាប់ៗនេះទេ ។ ទោះជាយ៉ាងណា ជំហរមីយ៉ាន់ម៉ាក្នុងពេលថ្មីៗនេះ ក៏ឃើញមានភាពវិជ្ជមានបន្តិចបន្ដួចផងដែរ បន្ទាប់ពីប្រទេសនេះ សម្រេចបញ្ជូនមន្ត្រីដែលមិនមែនជាអ្នកនយោបាយ មកចូលរួមកិច្ចប្រជុំអាស៊ាន ក្នុងឆ្នាំ២០២៤កន្លងទៅ ពេលប្រទេសឡាវដឹកនាំ ។

ឯកឧត្តមអគ្គលេខាធិការអាស៊ា បានលើកឡើងទៀតថា អាស៊ាន គោរព ៣ចំណុច ដែលមានអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យភាព នៃនយោបាយ ដែលអាស៊ាន មិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់សមាជិកណាមួយទេ គឺត្រូវដោះស្រាយ ម្ចាស់ការដោយប្រទសសមាជិកខ្លួនឯង ។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៧ ហើយបើរាប់តាមលំដាប់អក្សរ ប្រទេសមីយ៉ាន់ម៉ា នឹងត្រូវក្លាយជាប្រធានប្ដូរវេនអាស៊ាន នៅឆ្នាំ២០២៦ តែដោយសារបញ្ហានយោបាយ ប្រទេសនេះ បានសម្រេចផ្ទេរទៅឱ្យប្រទេសហ្វីលីពី ន ជាប្រធានជំនួស ។

ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ពុយ គា បានលើកឡើងដែរថា ប្រសិនជាមីយ៉ាន់ម៉ា ធ្វើជាប្រធានអង្គប្រជុំ ប្រាកដណាស់ គ្មានអ្នកទៅចូលរួមទេ ដោយសារបញ្ហាសន្ដិសុខ និងនយោបាយរបស់ប្រទេសនេះ និងថា ការផ្ទេរទៅឱ្យប្រធានបន្ទាប់ មិនមែនជារឿងថ្មីទេ សម្រាប់អាស៊ាន ។

សូមរំលឹកថា បញ្ហានៅប្រទេសមីយ៉ាន់ម៉ា កើតឡើងនៅពេលដែលមេដឹកនាំយោធា មីន អោងលាំង បានធ្វើរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកដទៃទៀត នៃសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលបានជាប់ឆ្នោត និងបានជំរុញឱ្យពលរដ្ឋ នាំគ្នាចេញមកតវ៉ាទូទាំងប្រទេស និងធ្លាក់ក្នុងភាពចលាចលចាប់តាំងពីពេលនោះមក ។

ទន្ទឹមនេះ ជាដំណោះស្រាយ បញ្ហាមីយ៉ាន់ម៉ា អាស៊ាន ក៏បានឯកភាពនូវកុងសង់ស៊ី ៥ចំណុច កាលពីខែមេសា ឆ្នាំ២០២១ នៅប្រទេសឥណ្ឌូនេស៊ី ដែលរួមមាន ៖ ទី១-បិទបញ្ចប់អំពើហិង្សា, ទី២-រៀបចំកិច្ចសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធ, ទី៣-បញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងភូមា, ទី៤-តែងតាំងប្រេសិតពិសេស ដើម្បីសម្របសម្រួលកិច្ចពិភាក្សា និងទី៥-អនុញ្ញាតឱ្យប្រេសិតពិសេស ចូលទៅក្នុងប្រទេសនេះ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner