បណ្ឌិត កៅ គឹមហួន ៖ សេដ្ឋកិច្ចអាស៊ានបច្ចុប្បន្ន ឈរលំដាប់ទី៥ ខណៈឆ្នាំ២០៣០ នឹងឡើងមកឈរលេខ៤ នៃសេដ្ឋកិច្ចពិភពលោក
(ភ្នំពេញ)៖ បច្ចុប្បន្ន សេដ្ឋកិច្ចអាស៊ាន ឈរនៅលំដាប់ទី៥ ខណៈឆ្នាំ២០៣០ សេដ្ឋកិច្ចអាស៊ាន នឹងឡើងមកឈរលេខ៤ នៃសេដ្ឋកិច្ចពិភពលោក ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយស នៃវេទិកាសារព័ត៌មាន ស្តីពី ទស្សនាទានរបស់អគ្គលេខាធិការអាស៊ាន លើចក្ខុវិស័យអាស៊ាន ឆ្នាំ២០៤៥ រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា សម្របសម្រួលដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា នៅសណ្ឋាគារសាន់វ៉េ នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ដោយមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួម ៥៦នាក់ មកពី ៣៨ស្ថាប័ន ។
ថ្លែងនៅក្នុងវេទិកាពិភាក្សាសារព័ត៌មាននេះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានចោទជាសំណួរថា តើអាស៊ាន នឹងដើរតាមផ្លូវណា ហើយមានឥទ្ធិពលខ្លាំងយ៉ាងណាដែរ ក្នុងពេលដែលបច្ចុប្បន្នអាស៊ាន មានប្រជាជនជាង ៦៧០លាននាក់ ហើយបាននឹងកំពុងពង្រីកសមាជិកជាបន្តបន្ទាប់ ។
ឯកឧត្តមបណ្ឌិត បានឱ្យដឹងថា បច្ចុប្បន្ននេះ សេដ្ឋកិច្ចអាស៊ាន ស្ថិតនៅក្នុងលំដាប់ទី៤ នៃសេដ្ឋកិច្ចពិភពលោក ខណៈនៅឆ្នាំ២០៣០ ខាងមុខ សេដ្ឋកិច្ចអាស៊ាន នឹងឡើងមកឈរលេខ ៤ នៃសេដ្ឋកិច្ចពិភពលោក ដែលនោះ ជាមោទនភាពសម្រាប់សហគមន៍មួយនេះ ។
សូមជម្រាបថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបើក «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥» នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ថា តំបន់អាស៊ានបានវិវត្តខ្លួនទៅជានិមិត្តរូបនៃស្ថិរភាព និងវិបុលភាព ដោយមានសក្ដានុពលដ៏សម្បើមដែលអាចឆ្លុះបញ្ចាំង តាមរយៈឋានៈជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី៥ ក្នុងពិភពលោក ខណៈអាស៊ាន មានបរិយាកាសវិនិយោគដ៏គួរឱ្យទាក់ទាញ ជាមួយនឹងជវភាពសេដ្ឋកិច្ចដ៏រឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះភាពជាដៃគូសេដ្ឋកិច្ច និងសមាហរណកម្មក្នុងតំបន់ ។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា ដំណើរប្រកបដោយជោគជ័យរបស់តំបន់អាស៊ាន លើទិដ្ឋភាពភាពជាដៃគូសេដ្ឋកិច្ច បានស្តែងឡើងតាមរយៈបណ្តាញគ្រប់ជ្រុងជ្រោយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយនឹងប្រទេសមានអំណាចសេដ្ឋកិច្ចសំខាន់ៗ ។ ជាក់ស្ដែង ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តឥតងាករេ របស់តំបន់អាស៊ាន ក្នុងការពង្រឹងសមាហរណកម្មក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។
សម្តេចបវរធិបតី បន្តថា វឌ្ឍនភាពរបស់យើង ដែលត្រូវបានគាំទ្រដោយពាណិជ្ជកម្មដ៏រឹងមាំ ទាំងក្នុង និងក្រៅតំបន់អាស៊ាន និងបរិយាកាសអំណោយផលដល់ការវិនិយោគ បានធ្វើឱ្យតំបន់នេះ ក្លាយជាមជ្ឈមណ្ឌលជាយុទ្ធសាស្ត្រសម្រាប់រំហូរមូលធនពិភពលោក។ សមិទ្ធផលទាំងនេះ បានប្រែក្លាយជាកាលានុវត្តភាពជាក់ស្តែងសម្រាប់វិនិយោគិន ដែលស្វែងរកកំណើន និងស្ថិរភាពយូរអង្វែង ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្ថែមថា អាស៊ាន ផ្តោតការយកចិត្តទុកដាក់លើការកសាងសេដ្ឋកិច្ចឌីជីថល និងការតភ្ជាប់ឌីជីថលដ៏រស់រវើក ដើម្បីពន្លឿនការអភិវឌ្ឍ ប្រកបដោយចីរភាព, ពង្រឹងភាពធន់ទៅនឹងហានិភ័យអវិជ្ជមាន ដែលមិនអាចប៉ាន់ប្រមាណបាន និងផ្តល់សិទ្ធិអំណាចដល់សហគ្រាសធុនតូច និងមធ្យម។ គំនិតផ្តួចផ្តើមទាំងនេះ នឹងជំរុញឱ្យតំបន់អាស៊ានកាន់តែមានជវភាព, មានការតភ្ជាប់, ភាពធន់ និងបរិយាប័ន្នដែលផ្តល់ឱ្យនូវឱកាសដ៏ធំធេងសម្រាប់វិនិយោគ ប្រកបដោយចីរភាព ដល់ដៃគូពិភពលោករបស់យើង ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ






