ក្រោយមេឃភ្លៀងឆ្លងចរន្តអគ្គិភ័យឆេះផ្ទះចំនួន ១៥ខ្នងក្នុងក្រុងកំពង់ចាម

កំពង់ចាម៖ ហេតុការណ៍អគ្គិភ័យមួយបានកើតឡើងនាកណ្ដាលរាត្រីបណ្ដាលឱ្យឆេះផ្ទះអាជីវករលក់កង់ម៉ូតូអស់ទាំងស្រុងចំនួន១៥ ល្វែងនិងសង្គ្រោះទាន់បានចំនួន២ល្វែង។

ហេតុកាណ៍នេះកើតឡើងនៅវេលាម៉ោង ១១យប់ថ្ងៃទី៨ ខែមីនាឆ្នាំ២០២៥ ហើយបានរលត់ទាំងស្រុងនៅវេលាម៉ោង២យប់ថ្ងៃទី៨ ខែមីនាស្ថិតក្នុងភូមិទី៨សង្កាត់កំពង់ចាមក្រុងកំពង់ចាម។

ក្នុងហេតុការណ៍នេះសមត្ថកិច្ចបានជួយអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿងនិងកម្លាំងស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្តកំពង់ចាមជិត១០០នាក់ ដោយជួយរំដោះសម្ភារកង់ម៉ូតូបានមួយចំនួន និងមិនបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។

អ្នកធ្វើដំណើរឃើញហេតុការណ៍ដំបូងគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីនៅបង្គោលភ្លើងក្រោយពីមេឃភ្លៀងហើយក៏រាលចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យឆេះតៗគ្នាព្រោះជាប្រភេទផ្ទះឈើចាស់ៗ៕
ដោយ: លីពៅ

ads banner