ជនភៀសខ្លួន ៣០ម៉ឺននាក់វិលទៅស៊ីរីវិញ ក្រោយរបបដឹកនាំ Assad ដួលរលំ

ដាម៉ាស់ ៖ ជនភៀសខ្លួនស៊ីរីជាង ៣០០.០០០ នាក់សម្រេចចិត្តធ្វើដំណើរដ៏ឆ្ងាយវិលត្រឡប់ទៅរស់នៅប្រទេសកំណើតវិញ ចាប់តាំងពីរបបដឹកនាំលោកប្រធានាធិបតី Bashar al-Assad ដួលរំលំ និងរត់ភៀសខ្លួនទៅក្រៅប្រទេស។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ។

លោកស្រី Celine Schmitt មន្រ្តីមកពីទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានប្រាប់អ្នកកាសែតនៅទីក្រុងហ្សឺណែវថា ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ មកទល់ពេលនេះ ជនភៀសខ្លួនស៊ីរីជាង ៣០០.០០០នាក់បានវិលត្រឡប់ទៅកាន់ទឹកដីកំណើតវិញ។

ក្រៅពីជនភៀសខ្លួនដែលទើបវិលត្រឡប់មកវិញនេះ ជនភៀសខ្លួនទូទាំងប្រទេសស៊ីរីប្រហែល ៩០០.០០០ នាក់ផ្សេងទៀត ក៏បានវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញផងដែរ ដូច្នេះសរុបកើនដល់ ១.២លាននាក់បានវិលត្រឡប់មកវិញចាប់តាំងពីដើមខែធ្នូឆ្នាំមុន។

របបដឹកនាំរបស់លោកប្រធានាធិបតី Assad បានផ្តួលរំលំនៅដើមខែធ្នូ ក្រោមថ្វីដៃរបស់ពួកឧទ្ទាម ដោយបញ្ចប់ការក្រាញអំណាចអស់ជាច្រើនទសវត្សរ៍របស់គ្រួសារលោក Assad ក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ។

សង្គ្រាមស៊ីវិលស៊ីរីដែលបានផ្ទុះឡើងក្នុងឆ្នាំ ២០១១ ជាមួយនឹងការគាបសង្កត់យ៉ាងឃោរឃៅចំពោះការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល បានសម្លាប់ជីវិតមនុស្ស ជាង កន្លះ លាននាក់ និង រាប់លាននាក់ភៀសខ្លួនពីផ្ទះសម្បែង៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner