ក្រសួងពាណិជ្ជកម្មសាទរមីជាតិចាប់ផ្តើមវាយលុកទីផ្សារកូរ៉េខាងត្បូង
ភ្នំពេញ ៖ លោក ស៊ិន ស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានអបអរសាទរប្រកបដោយមោទនភាពជាមួយមីជាតិ ចំពោះសមិទ្ធិផលជាប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន ដែលអាចនាំចេញមីជាតិទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូងបាន បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យ គុណភាព សុវត្ថិភាពម្ហូបអាហារ ស្របតាមបទដ្ឋានអនុញ្ញាត និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់សាធារណៈរដ្ឋកូរ៉េ។
លោក ស៊ិន ស៊ីដេត បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតមួយនៅរោងចក្រមីជាតិកាលពីថ្ងៃសុក្រថា លោកសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង នឹងបន្តពង្រីកទីផ្សារទៅកាន់បណ្តាប្រទេសផ្សេងៗទៀតនៅពេលខាងមុខ ដើម្បីចូលរួមចំណែកក្នុងការការពារអ្នកប្រើប្រាស់ ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារសម្រាប់ប្រជាជនកម្ពុជា។
លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) បានឱ្យដឹងថា ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនេះ ពិតជាបានផ្តល់ភាពវិជ្ជមានជាច្រើនដល់ផលិតផលមីជាតិ។ លើសពីនេះក៏បានឆ្លុះបញ្ចាំងពីការទទួលស្គាល់ជឿជាក់លើគុណភាព និងរសជាតិ ផលិតផលមីជាតិ ស្របជាមួយតម្រូវការទីផ្សាររបស់ប្រជាជននៅក្នុងប្រទេសកូរ៉េខាងត្បូង។
លោកជំទាវបន្ថែមថា មីជាតិបានផលិតឡើងក្នុងស្តង់ដារមួយដ៏ត្រឹមត្រូវ តាំងពីថ្ងៃបង្កើតដំបូង ដើម្បីសម្រេចនូវទស្សនៈវិស័យ ជាផលិតផលចំណីអាហារ ដែលគេគ្រប់គ្នាទទួលស្គាល់ ហើយការនាំចេញថ្ងៃនេះ ជាដំណើរឆ្ពោះទៅមុខមួយដំណាក់កាលទៀត ដែលក្រុមហ៊ុនបានខិតខំប្រឹងប្រែងជាង ៦ឆ្នាំ ដើម្បីលើកកម្ពស់ផលិតផលស្រុក និងវិស័យចំណីអាហារវេចខ្ចប់នៅកម្ពុជា។
លោក ឈែ ជុងម៉ូន នាយកប្រតិបត្តិក្រុមហ៊ុន Ringpang Co., Ltd តំណាងដៃគូចែកចាយមីជាតិទៅប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា ការនាំចេញនេះ មានបំណងចង់ពាំនាំនូវអនុស្សាវរីយ៍ និងការចងចាំនៃរសជាតិស្រុកកំណើតជូនដល់ប្រជាជនកម្ពុជាចំនួន ១០ម៉ឺននាក់ដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េ និងចង់ណែនាំនូវផលិតផលមីកញ្ចប់ថ្មី រសជាតិឈ្ងុយឆ្ងាញ់មួយនេះជូនប្រជាជនកូរ៉េផងដែរ៕






អត្ថបទ ៖ ឈឹម ទីណា