ជំនួបបាល់ទាត់មិត្តភាពកម្ពុជានិងថៃនឹងនាំមកនូវវប្បធម៌ការរស់នៅដោយសុខសន្តិភាពនៃប្រជាជាតិប្រទេសទាំងពីរ
ភ្នំពេញ៖ មុននិងជំនួបបាល់ទាត់មិត្តភាពកម្ពុជានិងថៃ រង្វាន់សតវត្សរ៍នៃព្រះធម៌ ដែលនិងចូលមកដល់នារសៀលថ្ងៃទី៨ ខែ មីនា ឆ្នាំ២០២៥ ស្អែកនេះ នាពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមនៃប្រទេសទាំងពីរកម្ពុជា និងថៃ បានមកជួបជុំគ្នា ក្នុងសណ្ឋាការសូហ្វីតែលភ្នំពេញភូគីត្រា នារសៀលថ្ងៃទី៧ ដើម្បីបង្ហាញពីសមាសភាពក្រុមនីមួយៗពិសេស គឺបង្ហាញនូវការរិតចំណងសាមគ្គីភាព និងមិត្តភាព។
ការជួបជុំនេះមានសមាសភាពទាំង៤ក្រុមនៃប្រទេសទាំងពីរ ក្រោមសក្ខីភាពចូលរួមជាកិត្តិយស ឯកឧត្តម ឃ្លាំង ហួត អភិបាលរង រាជធានីភ្នំពេញ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង លោកបណ្ឌិត ស៊ុផាឆៃ វីរៈភូជុង អ្នកសម្របសម្រួលតំណាងភាគីថៃ។
ក្នុងជំនួបស្វាគមន៍នោះ ឯកឧត្តម ឃ្លាំង ហួត អភិបាលរង រាជធានីភ្នំពេញ បានថ្លែងលើកឡើងថា ការប្រកួតកីឡាតែងតែមានអ្នកឈ្នះនិងចាញ់ ប៉ុន្តែជំនួបមិត្តភាពរវាងក្រុមទាំងពីរក្រុមបាល់ទាត់កម្ពុជា និងក្រុមថៃ នៅថ្ងៃស្អែកទី៨មីនា គឺចាញ់ឈ្នះតែលទ្ធផលប៉ុណ្ណោះ ពោលសម្រាប់ចំណងមិត្តភាព គឺយើងឈ្នះទាំងអស់គ្នា ក្នុងព្រឹត្តិការណ៍ប្រកួតអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃទំនាក់ទំនងការទូតចំណងមិត្តភាពកម្ពុជានិងថៃ។ ឯកឧត្តម សង្ឈឹមជឿជាក់ថា ជំនួបស្អែកនេះ កម្ពុជា និងថៃ គឺប្រកួតគ្នាដោយមោទភាពដែលបង្ហាញពីចំណងមេត្រីភាពមិត្តយូអង្វែង។ ជាមួយគ្នានោះដែរ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាសហស្ថាបនិកផ្តួចផ្តើមព្រឹត្តិការណ៍បាល់ទាត់មិត្តភាពរង្វាន់សតវត្សរ៍នៃព្រះធម៌ ដើម្បីចូលរួមអបអសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃទំនាក់ទំនងការទូតចំណងមិត្តភាពកម្ពុជានិងថៃនេះ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ នឹងបង្កើតនូវវប្បធម៌ការរស់នៅដោយសុខសន្តិភាពនៃប្រជាជាតិប្រទេសទាំងពីរ ក្នុងនាមជាប្រទេសអនុតំបន់ទន្លេមេគង្គដូចគ្នា និងប្រទេសជិតខាងនិងគ្នា ដែលមានវប្បធម៌និងអរីយធម៌ស្រដៀងនិងគ្នាផងដែរ។
ឯកឧត្តម បានបន្ថែមទៀតថា ជាការពិតណាស់ការប្រកួតបាល់ទាត់ គឺត្រូវតែមានភាគីម្ខាងឈ្នះ និងមានភាគីម្ខាងទៀតចាញ់ ប៉ុន្តែលទ្ធផលចាញ់និងឈ្នះវាគ្រាន់តែជាលទ្ធផលប៉ុណ្ណោះ ។អ្វីដែលជំនួបជួបគ្នានៅស្អែកនេះ គឺពួកយើងឈ្នះទាំងអស់គ្នា គឺយើងរួបរួមគ្នាសាងអំពើរល្អ និងសាងនូវសន្តិភាព ព្រោះសន្តិភាពវាពិតជាពិបាករកណាស់ ទម្រាំបានសន្តិភាពគឺត្រូវមានការពលីជីវិតមនុស្សយ៉ាងច្រើននាក់ ។ទន្ទឹមជាមួយគ្នានោះ ភាគីតំណាងក្រុមទាំងកម្ពុជា និងថៃ សុទ្ធសឹងតែបានបង្ហាញនូវទំនាក់ទំនងមិត្តភាពសាមគ្គីភាពនិងគ្នា ហើយពួកគេម្នាក់ៗសង្ឈឹមជឿជាក់ថា ការប្រកួតមិត្តភាពនេះ និងក្លាយជារូបភាពប្រវត្តិសាស្រ្តថ្មីមួយទៀតរវាងតារា ក៏ដូចជាប្រជាតិនៃប្រទេសទាំងពីរ។
សម្រាប់ជំនួបនូវថ្ងៃស្អែកនេះ គូរទី1 – គុនខ្មែរ All Star Vs Muay Thai All Star. គូរទី2 – តារាបាល់ទាត់កម្ពុជា Vs តារាបាល់ទាត់ថៃ ដែលមានការផ្តល់ជាសក្ខីភាពអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សុខន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសផងដែរ៕






រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ