លោក Zelensky អំពាវនាវជាថ្មីស្វែងរកបទឈប់បាញ់ផ្លូវអាកាសជាមួយលោក Putin
កៀវ ៖ បន្ទាប់ពីរងការវាយប្រហារដោយយន្តហោះដ្រូន និងម៊ីស៊ីលទ្រង់ទ្រាយធំពីកងកម្លាំងលោក ពូទីន ប្រធានាធិបតីអ៊ុយក្រែន លោក ប៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវសាជាថ្មីឱ្យបញ្ឈប់ការវាយប្រហារតាមផ្លូវអាកាសលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទៅវិញទៅមក។
មេដឹកនាំអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ថា ជំហានដំបូងក្នុងការបង្កើតសន្តិភាពពិតប្រាកដ គួរតែបញ្ឈប់ទាំងការវាយប្រហារតាមផ្លូវអាកាស និងផ្លូវទឹករវាងរុស្ស៊ី-អ៊ុយក្រែន។
លោកប្រធានាធិបតី ហ្សេលេនស្គី បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា អ៊ុយក្រែនត្រៀមខ្លួនរួចរាល់ហើយ ដើម្បីឆ្ពោះទៅរកសន្តិភាព។ សន្តិភាពគឺជាអ្វីដែលអ៊ុយក្រែនចង់បានតាំងពីវិនាទីដំបូងនៃសង្រ្គាមនេះ ដូច្នេះភារកិច្ចស្នូលគឺបង្ខំឱ្យរុស្ស៊ីបញ្ឈប់សង្រ្គាម។
បើតាមកងទ័ពអាកាសអ៊ុយក្រែន រុស្ស៊ីកាលពីថ្ងៃសុក្រ បានបាញ់ស្រោចមីស៊ីលយ៉ាងតិច ៥៨គ្រាប់ និងយន្តហោះដ្រូនជិត ២០០គ្រឿងបំផ្លាញគ្រឿងបរិក្ខារថាមពលនៅទូទាំងប្រទេសអ៊ុយក្រែន ចាប់ពីទីក្រុង Kharkiv នៅភាគខាងកើត រហូតដល់ទីក្រុង Ternopil នៅភាគខាងលិច៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា