អ្នកនាំពាក្យក្រសួងបរិស្ថាន៖ស្រ្តីកម្ពុជានៅតាមតំបន់ការពារធម្មជាតិបានបំពេញតួនាទីនិងមានទំនួលខុសត្រូវខ្ពស់

ភ្នំពេញ៖ នៅក្នុងឱកាសនៃការអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងថា «ស្ត្រីបានដើរតួនាទីសំខាន់ទាំងក្នុង​គ្រួសារ​និងសង្គមជាតិ ក្នុងនោះស្រ្តីបាននិងកំពុងកំពុងចូលរួមចំណែកយ៉ាង​សំខាន់ ក្នុងការការពារនិងអភិរក្សធនធាន​ធម្មជាតិ ដើម្បីកម្ពុជាមានភាពស្អាត មានភាពបៃតង និងការរស់នៅប្រកបដោយចីរភាព។

អ្នកនាំពាក្យដដែលបានបន្ថែមថា ក្នុងចំណោមមន្រ្តីឧទ្យានុរក្សជាង១ពាន់នាក់ មានមន្រ្តីឧទ្យានុរក្សជានារី ចំនួន ៣៣នាក់ កំពុងបំពេញតួនាទី ជាឆ្មាំការពារសម្បត្តិរបស់មនុស្សជាតិ ដោយមិនចេះនឿយហត់ ទាំងថ្ងៃ ទាំងយប់ លះបង់គ្រួសារ ស្វាមី កូន ឆ្លងកាត់ឧបសគ្គក្នុងព្រៃ ប្រឈមនឹងជំងឺ សត្វចង្រៃ ដើម្បីអនុវត្តច្បាប់ ទប់ស្កាត់បទល្មើស នៅតាមតំបន់ការពារ​ធម្មជាតិ។

គួរជម្រាបថា សហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា សរុបចំនួន១៩៣ សហគមន៍ មានប្រជាពលរដ្ឋជា​សមាជិក​ចំនួនជាង៧ម៉ឺនគ្រួសារ ស្មើនឹងចំនួន ៣០៥ ៦២១ នាក់ ក្នុងនោះនារីមានចំនួនលើសពី៥០ភាគរយ គឺស្មើនឹងចំនួន ១៥២ ៦២៦ នាក់។ ជាមួយគ្នានេះដែរ គណៈកម្មការគ្រប់គ្រងសហគមន៍ តំបន់ការពារធម្មជាតិ សរុបមានចំនួន ១ ៨២៧នាក់ ក្នុងនោះគណៈកម្មការគ្រប់គ្រងសហគមន៍ជានារី មានចំនួន៣៦០នាក់។

ឯកឧត្តម ខ្វៃ អាទិត្យា បានបន្ថែមថា កន្លងមកនារីនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ បានបំពេញតួនាទីសំខាន់ ក្នុងការអភិវឌ្ឍ ការគ្រប់គ្រងការងារអភិវឌ្ឍន៍សហគមន៍ បង្កើនជំនាញវិជ្ជាជីវៈ មានជម្រើសមុខរបរថ្មី ក្រៅពីព្រៃឈើ រៀបចំចាត់ចែងធ្វើឱ្យមូលដ្ឋានមានភាពស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ធ្វើអនាម័យមូលដ្ឋាន បានចូលរួមបណ្តុះ ដាំកូនឈើ ដាំស្តារព្រៃសហគមន៍ ចូលរួមអភិវឌ្ឍន៍គៅលដៅលំហែបតង ដោយបានផលិតជាសម្ភារប្រើប្រាស់ វត្ថុអនុស្សាវរីយ៍ ចិញ្ចឹមសត្វ ដាំបន្លែ ផ្តល់សេវាកម្មទេសចរណ៍ នៅក្នុងសហគមន៍មូលដ្ឋាន។ ការងារទាំងអស់នេះហើយ បានរំលេចឱ្យឃើញពីសារៈសំខាន់ធនធាននារី ក្នុងការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ដែលពីមុនគ្រួសារ​ពួកគាត់ បានរស់នៅក្នុងព្រៃ គឺមានតែពឹងលើព្រៃឈើមួយមុខ។ លើសពីនេះ នារីនៃសហគមន៍តំបន់ការពារធម្មជាតិ បានចូលរួមសកម្មភាពអប់រំបរិស្ថាន ជាពិសេសបណ្តុះផ្នត់គំនិតនៃភាពស្អាត ពន្លកបៃតង មានការរស់នៅ ជាមួយជម្រើស​ជីវភាពថ្មី សម្រាប់កុមារ យុវជននិងប្រជាសហគមន៍ ឱ្យចេះស្រឡាញ់ព្រៃឈើ គ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ នៅតាមតំបន់ការពារធម្មជាតិ។

សូមបញ្ជាក់ថា នៅក្នុងវិស័យបរិស្ថាន នារីទទួលបានការលើកទឹកចិត្តគាំពារ និងគាំទ្រទាំងសមត្ថភាព តួនាទី និងភារកិច្ច ព្រមទាំងបានទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងបានចូលរួមសកម្មភាពសង្គម ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងនោះមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញជា​មួយសសរស្តម្ភចំនួន៣ គឺ«ស្អាត បៃតង និងចីរភាព»។

«ទន្ទឹមនឹងការអនុវត្តច្បាប់ ក្រសួងបរិស្ថាន បាននិងកំពុងអភិវឌ្ឍន៍គោលដៅលំហែបៃតង បង្កើតសេដ្ឋកិច្ចមូលដ្ឋាន ផ្តល់ជម្រើសមុខរបរថ្មីជូនប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីទប់ស្កាត់ការបាត់បង់ព្រៃឈើ ដោយផ្តល់ចំណូលជីវភាពដល់ប្រជាសហគមន៍ជាប្រចាំ តាមរយៈការផ្សារភ្ជាប់រវាងការអភិរក្ស និងការអភិវឌ្ឍ ដូចជាការបង្កើនការចិញ្ចឹមសត្វ ការដាំដំណាំ ការសាសង់ហេដ្ឋារចនាសម្ព័ន្ធលំហែបៃតង កន្លែងវិបស្សនា ផ្ទះស្នាក់លំហែបៃតង បង្កើតមុខរបរ រួមផ្សំផ្សេងទៀត និងគម្រោងរៀបចំជារបៀងលំហែបៃតង ដែលសហគមន៍​នឹងក្លាយជាម្ចាស់គម្រោង នាពេលខាងមុខ» ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើង​បន្ថែមក្នុងថ្ងៃនេះផងដែរ៕
ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner