ចិនព្រមានប្រឆាំងលោក Trump ជុំវិញការដាក់ពន្ធដោយគ្មានហេតុផល
ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យីនៅថ្ងៃសុក្រ បានព្រមានធ្ងន់ៗដល់អាមេរិក ប្រឆាំងនឹងការដំឡើងពន្ធ “ដោយគ្មានហេតុផល” ក្នុងអំឡុងសន្និសិទកាសែតមួយ ដែលលោកបានលើកឡើងពីហានិភ័យថា “ច្បាប់ព្រៃ” អាចគ្រប់គ្រងពិភពលោក។
ដោយលើកតម្កើងកិច្ចសហប្រតិបត្តិការរបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលថ្នាំញៀន fentanyl នៅសហរដ្ឋអាមេរិក លោក វ៉ាង យី បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមិនគួរសងគុណទីក្រុងប៉េកាំងវិញ ដោយការដាក់ពន្ធដោយគ្មានហេតុផលនោះឡើយ។
ប្រមុខការទូតចិនរូបនេះថ្លែងថា គ្រប់គ្នាសាកស្រមៃថា ប្រសិនបើប្រទេសចំនួន ១៩០ ប្រើសិទ្ធិអំណាចផ្ទាល់ខ្លួនគពសង្កត់ប្រទេសដទៃ នោះប្រាកដណាស់ ពិភពលោកនឹងធ្លាក់ចូលទៅក្នុងច្បាប់ព្រៃ។ លោក វ៉ាង ទំនងចង់សំដៅលើរដ្ឋបាលថ្មីរបស់លោក ត្រាំ ដែលកំពុងបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ។
ទន្ទឹមនេះ លោក វាំង ក៏បានអំពាវនាវឱ្យមានការចរចាបញ្ចប់ភ្លើងសង្រ្គាមនៅអ៊ុយក្រែន ដោយព្រមានថា ជម្លោះគ្មានអ្នកឈ្នះ ហើយសន្តិភាពក៏គ្មានអ្នកចាញ់ដែរ ហើយថា ចិនស្វាគមន៍ និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពយូរអង្វែង៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
