សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើដំណើរថ្មើរជើងទៅតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ
ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើដំណើរថ្មើរជើងដើម្បីឃើញផ្ទាល់ នូវសម្រស់ធម្មជាតិ និងសក្តានុពលនៃតំបន់ ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ ។
តាមរយៈបណ្ដាញសង្គម សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ឮមួយរយដង មិនស្មើនឹងឃើញផ្ទាល់មួយដងទេ ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា “កាលពីថ្ងៃសៅរ៍ ទី ៨ មីនា ២០២៥ ខ្ញុំបានឆ្លៀតឱកាសចំណាយពេលប្រមាណ ៤ម៉ោង៣០នាទី ធ្វើដំណើរថ្មើរជើងចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ។ ទោះជាហត់បន្តិច ប៉ុន្តែពិតជាមិនខុសបំណងទេ ដោយសារខ្ញុំបានឃើញផ្ទាល់នូវសម្រស់ធម្មជាតិ និងសក្តានុពលនៃតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ ដែលស្ថិតក្រោមដែនគ្រប់គ្រងរបស់ឧទ្យានជាតិភ្នំក្រវ៉ាញ ដែលល្អលើសអ្វីដែលខ្ញុំបានឃើញតាមទូរទស្សន៍ ឬបណ្ដាញផ្សព្វផ្សាយសង្គម”។

ក្នុងដំណើរពេលនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាគិតអំពីការជួយលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិនៅតំបន់នេះ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ៕
ដោយ៖ស៊ូ វណ្ណលុក


