ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ៖កីឡាមានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំង២ កម្ពុជា-ថៃ
ភ្នំពេញ៖ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួប លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ម៉ារីស សាងៀមផុង្ស រដ្ឋមន្ត្រីក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃ ។ព្រឹត្តិការណ៍កីឡាពីរប្រទេសបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព កម្ពុជា-ថៃ ដើម្បីអបអរសាទរខួប លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ។ព្រឹត្តិការណ៍នេះ ក្នុងគោលបំណងបង្ហាញពីភាពវ័យចំណាស់និងប្រវត្តិសាស្រ្តនៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលរាជរដ្ឋាភិបាល និងប្រជាជននៃប្រជាជាតិប្រទេសទាំងពីរ បាននិងកំពុងខិតខំពូនជ្រុំជាបន្តបន្ទាប់គួរជាទីមោទនភាពបំផុត។ ឯកឧត្តមអភិបាលមានជំនឿយ៉ាងមុតមាំថា តាមរយៈព្រឹត្តិការណ៍បាល់ទាត់នាពេលនេះ បានជាបានរួមចំណែកមន្ថែមទៀតក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗសម្រាប់ពង្រឹងនិងពង្រីកកិច្ចសហការប្រតិបត្តិការរវាងដៃគូយុត្តិសាស្រ្តរវាងកម្ពុជានិងថៃឱ្យកាន់តែមានប្រសិទ្ធភាពនិងផ្លែផ្កា។

សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានភ្ជាប់ទំនាក់ទំនងការទូតនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០ ហើយទំនាក់ទំនងនេះ ត្រូវបានប្រទេសយើងទាំងពីរ ពង្រឹងពង្រីកកាន់តែរឹងមាំ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ សុខាភិបាល អប់រំ យោធា និងសន្តិសុខ ព្រមទាំងការចងភ្ជាប់មេត្រីភាព រាជធានីភ្នំពេញ រាជធានីបាំងកកថែមទៀតផង ។ ផ្តើមចេញពីទំនាក់ទំនងការទូត រយៈពេល៧៥ឆ្នាំកន្លងទៅនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងទីក្រុងសម្ព័ន្ធមេត្រីភាពកាន់តែមានភាពស៊ីជម្រៅស្អិតរមួតលើគ្រប់វិស័យ ជាពិសេសក្រោមអាណត្តិដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឯកឧត្តម ថាក់ ស៊ីនស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ។

ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការទ្វេភាគីរហូតទៅជាដៃគូទំនាក់ទំនងភាពជាយុទ្ធសាស្រ្តឆ្នាំ២០២៤នៃឱកាសធ្វើទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។

បន្ថែមលើនេះនាពេលបច្ចុប្បន្នក្រោមការពូនជ្រុំយ៉ាងដិតដល់របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា និងលោកជំទាវនាយករដ្ឋមន្រ្តីថៃ ទំនាក់ទំនងជាប្រពៃណី នៃប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីក ព្រមទាំងបាននាំយកនូវគុណប្រយោជន៍សម្រាប់ប្រទេសជាតិ រាជរដ្ឋាភិបាលនៃប្រជាជនប្រទេសទាំងពីរក្នុងន័យស្មើសិទ្ធិ, ស្មើភាពដើម្បីឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាព សាមគ្គីភាព សម្រាប់ជាគុណប្រយោជន៍ប្រទេសទាំងពីរ ។
ឯកឧត្តម ម៉ារីត សាងៀមផុង្ស បានចាត់ទុកព្រឹត្តិការណ៍ប្រកួតបាល់ទាល់មិត្តភាពនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញានៃប្រទេសទាំងពីរក្នុងការពង្រឹងមិត្តភាពអោយកាន់តែស្អិតរមួតបន្ថែមទៀតផងដែរ។ឯកឧត្ដមរដ្ឋមន្ត្រីបន្តថាអនាគតនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ មានការផ្សារភ្ជាប់ដែលពុំអាច កាត់ផ្តាច់បាន។
ចំណែកឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា កីឡាមានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំង២ កម្ពុជា-ថៃ ដែលធ្វើឱ្យប្រជាជននៃប្រទេសទាំង២ បានយល់ដឹងពីគ្នាទៅវិញទៅមក ក្នុងនាមជាប្រទេសក្បែរខាងគ្នា ហើយក៏ជាប្រទេសដែលកាន់សាសនាព្រះពុទ្ធដូចគ្នាផងដែរ។ ឯកឧត្តមបានរំលឹកថា កាលពី១៤ឆ្នាំមុន កម្ពុជា និងថៃក៏បានបង្កើតព្រឹត្ដិការណ៍ជាប្រវត្តិសាស្ត្ររួមគ្នាម្ដងរួចមកហើយដែរ នោះគឺការប្រកួតបាល់ទាត់មិត្តភាព វាងក្រុមបាល់ទាត់កម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងកីឡាករថៃដឹកនាំដោយនាយករដ្ឋមន្ត្រីថៃកាលណោះដែរ ហើយគោលបំណងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នៃទំនាក់ទំនងការទូតរបស់ទាំងពីរដូចគ្នាផងដែរ៕
រូបថត៖ ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ
